Boeing 737 និង 737MAX មានបញ្ហាច្រើនពេក ពេលនេះតំណែងយន្តហោះមានប្រជាប្រិយបំផុតរបស់ពិភពលោក បានលើ Airbus A320
ក្រុមហ៊ុនផលិតយន្ដហោះអ៊ឺរ៉ុប Airbus បានវ៉ាដាច់មុខគូប្រជែងអាមេរិករបស់ខ្លួន ជាមួយយន្ដហោះម៉ូដែល A320 ដែលទទួលបានឋានៈជាយន្ដហោះខ្លួនស្តើងទ្រវែង ដែលលក់ដាច់ជាងគេបំផុតនៅលើពិភពលោក ដោយសាររឿងអាស្រូវរបស់ Boeing ម៉ូដែល 737 និង 737MAX នៅតែចាក់ស្រេះមិនចប់។ នៅក្នុងការប្រណាំងគ្នានៃទីផ្សារយន្ដហោះអស់រយៈពេលជាច្រើនទសវត្សរវាងក្រុមហ៊ុនទាំងពីរ យើងអាចមើលឃើញថា ពេលនេះក្រុមហ៊ុនផលិតយន្តហោះ Boeing ដែលមានមូលដ្ឋាននៅទីក្រុង Seattle ហាក់ដូចជាកំពុងដាំក្បាលចុះ។

ជាក់ស្ដែងតាំងពីមានរឿងធ្លាក់យន្តហោះត្រកូល 737MAX ពីរដងជាប់គ្នាមក ម៉ូដែលទាំងនេះនៅមិនទាន់មានការអនុញ្ញាតឱ្យប្រតិបត្តិការណ៍វិញនៅឡើយទេ។ វាជាយន្តហោះពាណិជ្ជកម្មល្អបំផុត ហើយក៏លក់ដាច់បំផុតក្នុងអំឡុងពេល ៥ទសវត្ស នៃប្រវត្តិសាស្ត្ររបស់វា ប៉ុន្តែតំណែងនេះបានធ្លាក់ទៅលើដៃ Airbus ទៅហើយ។ រហូតមកទល់ពេលនេះ Airbus បានទាក់ទាញការបញ្ជាទិញម៉ូដែល A320 រហូតដល់ ១៥,១៩៣គ្រឿង ដែលវ៉ាដាច់ម៉ូដែល 737 របស់ Boeing ដែលមានចំនួន ១៥,១៣៦គ្រឿង។ គួរឱ្យដឹងដែរថា A320 និង 737 ទាំងពីរគឺជាប្រភេទស្រដៀងគ្នា ខុសត្រង់ថាក្រុមហ៊ុនផលិតផ្សេងគ្នា និងការត្រួតពិនិត្យផ្សេងគ្នា៕


អត្ថបទ៖ លីដា