អាជ្ញាធរម៉ាឡេស៊ីបង្ក្រាបក្រុមហ៊ុនចិនរកស៊ីបោកប្រាស់ជំរិតទារប្រាក់តាមអិនធឺណេត ឃាត់ខ្លួនមនុស្សស្រីប្រុសជិត ៧០០ នាក់
ម៉ាឡេស៊ី៖ មនុស្សស្រីប្រុសចំនួន ៧០០ នាក់ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីធ្វើការចាប់ខ្លួនជុំវិញករណីបោកប្រាស់ជំរិតទារប្រាក់តាមបណ្តាញអ៊ីនធឺណិត។ ការចាប់ខ្លួនជនខិលខូចទាំងអស់នេះ ត្រូវបានធ្វើឡើងនៅក្នុងអគារការិយាល័យមួយ ដែលស្ថិតនៅក្នុងភាគខាងត្បូងនៃក្រុងកូឡាឡាំពួរ។ បើតាមប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងដថា ជនខិលខូចបានជួលអគារមួយនេះក្នុងតម្លៃ ៨៦ ០០០ ដុល្លារអាមេរិកក្នុងមួយខែ និងបានផ្ដើមដំណើរការអស់រយៈពេល ៦ ខែមកហើយ។
ក្រុមហ៊ុនបោកប្រាស់តាមបណ្តាញអ៊ីនធឺណិតមួយនេះត្រូវបានគេជឿថា ស្ថិតនៅក្រោយការគ្រប់គ្រង់របស់ជនជាតិចិន ហើយជនរងគ្រោះដែលជាគោលដៅសម្រាប់គេបោកប្រាស់នោះក៏ស្ថិតនៅក្នុងប្រទេសចិនដែរ។ អាជ្ញាធរម៉ាឡេស៊ីក៏បានបញ្ជាក់ផងដែរ ជនខិលខូចដែលគេឃាត់ខ្លួនបានជាក់ស្តែងនេះមានមនុស្សស្រីចំនួន ៧៧ នាក់ និងមនុស្សប្រុសចំនួន ៦០៣ នាក់ ខណៈមានជនខិលខូចប្រមាណជា ១០០-១២០ នាក់ផ្សេងទៀតបានរត់គេចខ្លួនបានសម្រេចមុនពេលប៉ូលិសទៅដល់បន្តិច។ រហូតមកទល់នឹងពេលនេះអាជ្ញាធរម៉ាឡេស៊ីបានជូនដំណឹងនេះទៅកាន់ស្ថានទូតចិនប្រចាំនៅម៉ាឡេស៊ីងហើយ និងបន្តបើកការស៊ើបអង្កេតបន្ថែមទៀតដើម្បីឈានទៅចាប់ខ្លួនមេក្លោងធំនៅពីក្រោយករណីមួយនេះ៕

អត្ថបទ៖ ភក្តី




