ផ្ទៃមេឃនៅរដ្ឋ Victoria របស់អូស្ត្រាលីប្រែជាពណ៌ទឹកក្រូច ដោយសារឥទ្ធិពលភ្លើងឆេះព្រៃ និងព្យុះធូលី
យោងតាមសារព័ត៌មាន The Guardian បានឱ្យដឹងថារដ្ឋ Victoria បានចេញសេចក្តីជូនដំណឹងអាសន្នអំពីភ្លើងឆេះព្រៃ ខណៈតំបន់នេះប្រឈមមុខនឹងស្ថានភាពអគ្គិភ័យអាក្រក់បំផុតក្នុងរយៈពេល ១០ឆ្នាំ ។ អ្នកស្រុក Mildura មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញភ្លើងឆេះព្រៃ និងព្យុះធូលីបានបក់បោកនៅពាក់កណ្តាលថ្ងៃត្រង់ក្នុងថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលធ្វើឱ្យផ្ទៃមេឃប្រែជាពណ៌ទឹកក្រូច។

រូបភាពគួរឱ្យតក់ស្លុតនៃតំបន់នេះបង្ហាញឱ្យឃើញពីផ្ទៃមេឃ និងតំបន់ជុំវិញ ដែលមានពណ៌ទឹកក្រូច និងក្រហមដូចអណា្តភ្លើង។ អ្នកស្រុកបាននិយាយថា វាដូចជាការដើរនៅខាងក្រៅជញ្ជាំងធូលី ហើយលក្ខខណ្ឌនេះ គឺមិនអាចឱ្យមនុស្សរស់នៅបានទេ។ ព្យុះធូលី និងភ្លើងឆេះព្រៃបានប្រែក្លាយមេឃទៅជាងងឹត មានពណ៌ទឹកក្រូច ហើយមិនមានឮសំឡេងសត្វពីព្រៃនៅទីនោះទេ។ អ្នកស្រុកក៏បានត្អូញត្អែរដែរថា បញ្ហាទាំងនេះដោយសារតែការគ្រប់គ្រងមិនត្រឹមត្រូវនៃធនធានធម្មជាតិផ្ទាល់របស់អូស្រ្តាលី និងការប្រែប្រួលអាកាសធាតុ៕





អត្ថបទ៖ លីដា