ដោយសារតែគប់បែកកញ្ចក់ឡាន Cybertruck នៅលើឆាក ធ្វើឲ្យ Tesla ខាតលុយជាង៧០០លានដុល្លារ
ថ្មីៗនេះក្រុមហ៊ុន Tesla ទើបបង្ហាញនូវរថយន្តភីកអាប់ដើរដោយថាមពលអគ្គិសនី Cybertruck របស់ខ្លួន ដែលរថយន្តស៊េរីថ្មីនេះមានរូបរាងខុសប្លែកពីរថយន្តធម្មតាទូទៅ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា ក្រោយចេញលក់រថយន្តភីកអាប់ប្លែកគេនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលគឺធ្លាក់ចុះជាង ៦% ហើយបើគិតជាទឹកប្រាក់មានចំនួនប្រមាណជា ៧៦៨ លានដុល្លារនៃទំហំទ្រព្យសម្បត្តិសរុបរបស់លោក Elon Musk ដែលមានប្រមាណជា ២៣.៦ ពាន់លានដុល្លារ ចុះបញ្ជីដោយ Forbes ។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះមកនៅត្រឹម ៣៣៣.៤១ដុល្លារ ក្នុងមួយហ៊ុនកាលពីថ្ងៃសុក្រ។

ប្រភពខាងលើបន្តទៀតថា បញ្ហារូបរាងប្លែកគេរបស់រថយន្តភីកអាប់ Cybertruck អាចជាបញ្ហាមួយធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះ ព្រោះថាមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបាននាំគ្នាធ្វើការរិះគន់ចំពោះរូបរាងរថយន្តមួយនេះ។ កំហុសមួយទៀតនៅត្រង់ថា វាភ្លាត់ស្នៀតឱ្យបែកកញ្ចក់នៅពេលកំពុងធ្វើតេស្តគ្រាប់បាល់ដែកនៅលើឆាកថ្ងៃបង្ហាញខ្លួន ទាំងដែលការពិតវាធ្វើពីដែកអ៊ីណុកអាចរងគ្រាប់កាំភ្លើងប្រភេទ 9mm បាន ហើយក៏ដូចគ្នាជាមួយដែកធ្វើយាន Starship របស់ SpaceX ដែរ។ និយាយរួមគឺវាមិនស៊ីគ្នាសោះ ប៉ុន្តែយ៉ាងណាក៏ដោយលោក Elon Musk និយាយថា វាជាអ្វីដែលត្រូវកែប្រែបន្ថែម។
សូមបញ្ជាក់ថា រថយន្តភីកអាប់ស៊េរីថ្មីរបស់ក្រុមហ៊ុន Tesla ត្រូវបានគេប្រកាសដាក់លក់ក្នុងតម្លៃចាប់ពី ៣៩ ៩០០ ដុល្លារអាមេរិក ហើយរថយន្តនេះមានថាមពលអគ្គិសនីអាចបើកបរបានក្នុងចម្ងាយផ្លូវ ៨០៤ គីឡូម៉ែត្ររាល់ពេលសាកថ្មម្តង និងមានកាប៊ីនធំទូលាយ។ ក្រុមហ៊ុន Tesla ដាក់ចេញភីកអាប់របស់ខ្លួននេះ គឺជាការឆ្លើយតបទៅនឹងម៉ូដែល F-150 របស់ក្រុមហ៊ុន Ford ដែលអួតថាអូសបាន ១ ០០០ ០០០ផោន ។ ហើយសម្រាប់កាឆ្លើយតបនេះ Cybertruck បានធ្វើតេស្តដោយអូសសណ្ដោង F-150 ឡើងភ្នំបានយ៉ាងងាយស្រួល ហើយវាជាកម្លាំងអូសមួយដែលមិនគួរឱ្យជឿ បើនិយាយពីសមត្ថភាពរបស់រថយន្តអគ្គិសនី៕








អត្ថបទ៖ភក្តី