ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃរៀបចំកម្មវិធី Tarzan Monkey Party ដែលជាកម្មវិធីប៊ូហ្វេលើកទី៣១ ដើម្បីរំលឹកគុណតម្លៃរបស់សត្វស្វា

    BY autoadmin November 25, 2019
    ថៃរៀបចំកម្មវិធី Tarzan Monkey Party ដែលជាកម្មវិធីប៊ូហ្វេលើកទី៣១ ដើម្បីរំលឹកគុណតម្លៃរបស់សត្វស្វា

    ថៃរៀបចំកម្មវិធីអាហារប៊ូហ្វេលើកទី៣១ សម្រាប់សត្វស្វា ដែលជាកម្មវិធីបង្កើតឡើងជារៀងរាល់ឆ្នាំនៅខេត្តលបបុរី (Lopburi) ប្រទេសថៃ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខប្រាសាទ Prang Sam Yod ស្ថិតក្នុងអនុស្រុក Tha Hin ប្រទេសថៃ។ ប្រាសាទនេះផ្ទាល់មានភាពល្បីល្បាញដោយសាររូបសំណាកព្រះពុទ្ធជាច្រើន ជាពិសេសគឺប្រាសាទនេះសម្បូរសត្វស្វាតែម្ដង ដែលទាំងនេះហើយវាបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតជាច្រើនហូរហែ។ កម្មវិធីប៊ូហ្វេសម្រាប់សត្វស្វាទាំងនេះនឹងត្រូវធ្វើ ៤លើក នៅម៉ោង ១០ៈ០០ព្រឹក, ១២ៈ០០ថ្ងៃត្រង់, ១៤ៈ០០រសៀល និង ១៦ៈ០០រសៀល។

    ម្ហូបចំណីដូចជា៖ អាហារ ឬផ្លែឈើផ្សេងៗ ត្រូវបានអ្នករៀបចំកម្មវិធីដាក់នៅពីមុខឡានវ៉ែន ដែលតុបតែងសម្រាប់តែឱកាសនេះប៉ុណ្ណោះ ជាមួយការថ្នាំលាប និងរូបគំនូរសត្វស្វា។ នៅពីលើឡានវ៉ែនក៏មានព្យួរផ្លែឈើ និងដាក់ខ្សែពួរ ដើម្បីឱ្យសត្វស្វាអាចមានការប្រកួតប្រជែងគ្នា ដើម្បីឈ្នះរង្វាន់នៅចុងបញ្ចប់នៃខ្សែពួរនីមួយៗ។ មានការរាយការណ៍ថា សត្វស្វានៅទីនោះភាគច្រើនជាសត្វក្នុងតំបន់ និងគ្មានគ្រោះថ្នាក់អ្វីដល់អ្នកទេសចរទេ ដរាបណាអ្នកមិនរំខាន ឬព្យាយាមចាប់យកចំណីរបស់ពួកគេ។ ពួកវាតែងតែនៅទីនោះហែហមភ្ញៀវទេសចរ ដែលចូលមកទស្សនាក្នុងប្រាសាទរៀងរាល់ថ្ងៃ។

    ក៏មានរូបចម្លាក់ស្វាមួយដែលកាន់ចេកនៅមុខប្រាសាទផងដែរ ដើម្បីរំលឹកគុណតម្លៃរបស់សត្វស្វា ដែលបានទាក់ទាញភ្ញៀវទេសចរ និងនាំមកនូវភាពរុងរឿងដល់ទីក្រុង។ មួយវិញទៀតប្រសិនបើអ្នកចង់ផ្តល់អាហារដល់សត្វស្វា គ្រាន់តែដាក់វានៅលើដី ហើយពួកវានឹងរត់រកចំណីដោយខ្លួនឯង។ សម្រាប់កម្មវិធីប៊ូហ្វេសម្រាប់សត្វស្វា ឬ Tarzan Monkey Party ម្សិលមិញនេះ អ្នកទេសចរ និងអ្នកស្រុកក៏បានចូលរួមកម្មវិធីយ៉ាងច្រើនផងដែរ ដើម្បីចូលរួមមើលភាពរីករាយរបស់សត្វស្វា ដែលពួកវាបានទទួលនូវអាហារយ៉ាងសម្បូរបែបនេះ៕

    អត្ថបទ៖ លីដា

    Share This Post: