ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទះឃើញក្ដាន់មួយក្បាលដេកស្លាប់នៅក្នុងប្រទេសថៃ ហើយក្នុងពោះពោរពេញដោយថង់ប្លាស្ទិកទម្ងន់រហូតដល់ ៧គីឡូក្រាម

    BY autoadmin November 27, 2019
    ប្រទះឃើញក្ដាន់មួយក្បាលដេកស្លាប់នៅក្នុងប្រទេសថៃ ហើយក្នុងពោះពោរពេញដោយថង់ប្លាស្ទិកទម្ងន់រហូតដល់ ៧គីឡូក្រាម

    ថៃ៖ ថ្មីៗនេះសត្វក្តាន់មួយក្បាលត្រូវបានគេប្រទះឃើញស្លាប់យ៉ាងគួរឱ្យអាណិត ហើយអ្វីដែលសំខាន់គឺនៅក្នុងពោះរបស់វាពោរពេញដោយថង់ប្លាស្ទិកទម្ងន់ ៧គីឡូក្រាម និងសំរាមផ្សេងទៀត ដែលនេះវាធ្វើឱ្យមានការព្រួយបារម្ភអំពីបញ្ហាការចោលសំរាមទៅក្នុងទឹក និងទៅក្នុងព្រៃរបស់ប្រទេសនេះ។ ប្រទេសថៃត្រូវបានគេចាត់ទុកជាប្រទេសមួយក្នុងចំណោមអ្នកប្រើប្រាស់ប្លាស្ទិកធំជាងគេបំផុតមួយនៅលើពិភពលោក ដោយសារប្រជាជនថៃម្នាក់ៗប្រើប្រាស់ថង់ប្លាស្ទិក (single-use) រហូតដល់ទៅ ៣០០០ថង់ ក្នុងមួយឆ្នាំៗ មិនថាសម្រាប់ខ្ចប់អាហារតាមចិញ្ចើមថ្នល់ កាហ្វេយកតាមខ្លួន ឬវេចខ្ចប់គ្រឿងទេសណាមួយនោះទេ។

    សត្វក្នុងទឹកជាច្រើនបានងាប់ជាបន្តបន្ទាប់ដោយសារបញ្ហាសំរាមក្នុងទឹក ហើយឥឡូវនេះក៏មានទាំងសត្វក្នុងព្រៃថែមទៀត ដែលត្រូវស្លាប់ដោយសារសំរាម ហើយវាកាន់តែដាក់សម្ពាធកាន់តែខ្លាំងដល់ប្រទេសនេះ។ លោក Kriangsak Thanompun ប្រធានតំបន់ការពារនៅក្នុងឧទ្យានជាតិឃុនសាថានបាននិយាយថា បន្ទាប់ពីធ្វើកោសល្យវិច័យសពក្ដាន់រួចមក ពួកគេរកឃើញថា វាបានស្លាប់ដោយសារសំរាមដែលវាស៊ីចូលពោះ។ សំរាមដែលពួកគេរកឃើញនៅក្នុងពោះសត្វក្ដាន់រួមមាន៖ សំបកកាហ្វេ, សំបកមី, ថង់, កន្សែង និងក្រណាត់ផ្សេងៗ ដែលសំរាមទាំងនេះគឺមិនរលាយក្នុងពោះនោះទេ។

    ជាក់ស្ដែងលោកប្រធាន Kriangsak Thanompun ក៏បានបញ្ចេញមតិដែរថា បញ្ហានេះវាបានបញ្ជាក់ថាប្រជាជនថៃគួរចេះកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយប្រើប្រាស់អ្វីដែលមិនមានផលរំខានដល់បរិស្ថានវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយថ្មីៗនេះយើងឃើញថា ប្រទេសថៃមានការកែប្រែលើបញ្ហាសំរាមនេះបានច្រើន ហើយតាមបណ្ដាហាងលក់រាយក្នុងស្រុករបស់ពួកគេដូចជា 7-Eleven ជាដើមក៏បានឈប់ប្រើប្រាស់ថង់ប្លាស្ទិកផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: