ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងញូវយ៉កបានអនុម័តច្បាប់ថ្មីមួយ ដែលហាមឃាត់ការលក់បារីអេឡិចត្រូនិកដែលមានរសជាតិទាំងអស់

    BY autoadmin November 27, 2019
    ទីក្រុងញូវយ៉កបានអនុម័តច្បាប់ថ្មីមួយ ដែលហាមឃាត់ការលក់បារីអេឡិចត្រូនិកដែលមានរសជាតិទាំងអស់

    កាលពីថ្ងៃអង្គារនេះ សមាជិកសភាទីក្រុងញូវយ៉ក (New York) បានអនុម័តច្បាប់ថ្មីមួយ ដែលនឹងហាមឃាត់ការលក់បារីអេឡិចត្រូនិក ដែលមានរសជាតិទាំងអស់នៅក្នុងទីក្រុង។ ការហាមឃាត់នេះគឺធ្វើឡើងជាបន្តបន្ទាប់តាមបណ្តាទីក្រុងធំៗ ខណៈមន្ត្រីសុខាភិបាលអាមេរិកកំពុងព្យាយាមដោះស្រាយវិបត្តិ ដែលនាំឱ្យយុវជនអាមេរិកស្លាប់ និងធ្លាក់ខ្លួនឈឺយ៉ាងពិបាកពន្យល់បំផុត។ គិតមកដល់ពេលនេះមានមនុស្សប្រហែល ២,៣០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និង ៤៧នាក់បានស្លាប់ក្នុងឆ្នាំនេះ ហើយមូលហេតុពិតនៃជំងឺមិនត្រូវបានគេកំណត់អត្តសញ្ញាណនោះឡើយ។

    បារីអេឡិចត្រូនិកមានប្រជាប្រិយភាពបំផុត ជាពិសេសក្នុងចំណោមយុវវ័យនៅសហរដ្ឋអាមេរិក។ វាជាឧបករណ៍ដែលប្រើថាមពលថ្ម ដំណើរការដោយបញ្ចេញចំហាយទឹកថ្នាំ ដែលមានផ្ទុកជាតិនីកូទីន និងសារធាតុក្រអូប តាមរសជាតិអ្នកត្រូវការ។ សមាជិកសភានិយាយថា ការហាមឃាត់នេះមានគោលបំណងកាត់បន្ថយហានិភ័យសុខភាព និងបញ្ឈប់អនីតិជនមិនឱ្យប្រើប្រាស់បារីអេឡិចត្រូនិក ចាប់ផ្តើមពីផលិតផលដែលមានក្លិនក្រអូបផ្លែឈើ ជីអង្កាម និងក្លិនផ្សេងៗទៀត។ រដ្ឋមួយចំនួននៅអាមេរិកបានធ្វើការហាមឃាត់ជាបណ្តោះអាសន្នលើការលក់បារីអេឡិចត្រូនិកនេះ ហើយមានរដ្ឋខ្លះក៏មិនទាន់អនុម័តជាផ្លូវការផងដែរ ដោយសារមានការត្អូញត្អែរពីអ្នកលក់៕

    អត្ថបទ៖ លីដា

    Share This Post: