តុលាការវៀតណាមកាត់ទោសបុរសម្នាក់ឲ្យជាប់គុក ៦ ឆ្នាំ ក្រោយបង្ហោះសារប្រឆាំងនឹងរដ្ឋាភិបាលនៅលើហ្វេសប៊ុក
វៀតណាម៖ តុលាការវៀតណាមបានសម្រេចធ្វើការឃុំខ្លួនអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ទៀតហើយ ក្រោយរូបគាត់បានចែករំលែកព័ត៌មាន និងបំផុសគំនិតប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមតាមយៈគណនី Facebook របស់គាត់ផ្ទាល់តែម្តង។ អ្នកប្រើប្រាស់បណ្តាញសង្គមរូបនេះមានឈ្មោះថា Nguyen Chi Vung អាយុ ៣៨ ឆ្នាំ ហើយរូបគាត់ត្រូវបានគេចោទប្រកាន់ថា បានបង្ហោះសារ និង Live វីដេអូជាច្រើនដងដើម្បីចែកចាយនូវគំនិតប្រឆាំងនឹងរដ្ឋាភិបាល ហើយថែមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋវៀតណាមចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលទៀតផងនៅក្នុងថ្ងៃបុណ្យជាតិវៀតណាមនាពេលខាងមុខនេះ។
តាមការចោទប្រកាន់ខាងលើនេះលោក Nguyen Chi Vung ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់គុករយៈពេល ៦ ឆ្នាំ ផងដែរ។ គេនៅចាំបានថា កាលពីពេលថ្មីៗនេះតុលាការវៀតណាមទើបនឹងកាត់ទោសលោកគ្រូបង្រៀនផ្នែកតន្ត្រីម្នាក់ឲ្យជាប់គុករយៈពេល ១១ ឆ្នាំ ក្រោមហេតុផលស្រដៀងគ្នានេះ ហើយមានបុរសអាយុ ២៣ ឆ្នាំទៀតក៏ ត្រូវប៉ូលិសចាប់ខ្លួនដែរគ្រាន់តែបានបង្ហោះរូបលោក Ho Chi Minh អមជាមួយសារមានទំនោររិះគន់និងប្រឆាំងនឹងរដ្ឋាភិបាល៕

អត្ថបទ៖ ភក្តី