ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដូណាល់ ត្រាំ ចុះហត្ថលេខាបង្កើតច្បាប់ថ្មីមួយ ដើម្បីគាំទ្រសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅហុងកុង

    BY autoadmin November 28, 2019
    ដូណាល់ ត្រាំ ចុះហត្ថលេខាបង្កើតច្បាប់ថ្មីមួយ ដើម្បីគាំទ្រសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅហុងកុង

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាបង្កើតច្បាប់ថ្មីមួយ ដើម្បីគាំទ្រសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅហុងកុង។ ច្បាប់នេះមានគោលបំណងដើម្បីពិនិត្យមើលការបំពានដោយរដ្ឋាភិបាលចិន នៃកម្រិតស្វ័យភាពខ្ពស់របស់ហុងកុងក្រោមគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” ។ វាក៏នឹងអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មលើមន្ត្រីចិន ដែលចូលរួមក្នុងការបង្ក្រាបហុងកុងផងដែរ។ ព្រឹទ្ធសភា និងសភាតំណាងរាស្រ្តអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់នេះកាលពីសប្តាហ៍មុន ហើយលោក ត្រាំ ក៏បានចុះហត្ថលេខាលើច្បាប់នេះកាលពីថ្ងៃពុធ។

    លោក ដូណាល់ ត្រាំ បានសម្តែងការព្រួយបារម្ភមួយចំនួន អំពីភាពស្មុគស្មាញនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។ ប៉ុន្តែសមាជិកសភាបានជំរុញឱ្យគាត់ចុះហត្ថលេខាលើច្បាប់នេះ ដោយសារវាបានឈ្នះការគាំទ្រទ្វេភាគីនៅក្នុងសភាទាំងពីរ។ ចំណែកប្រទេសចិនបានប្រឆាំងយ៉ាងខ្លាំងចំពោះច្បាប់នេះ ដោយហៅវាថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ទីក្រុងប៉េកាំងក៏បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីធ្វើការតវ៉ា និងបានគំរាមវិធានការសងសឹកប្រសិនបើច្បាប់នេះចូលជាធរមាន។ ច្បាប់នេះទំនងជាប៉ះពាល់ដល់កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនយ៉ាងខ្លាំង៕

    អត្ថបទ៖ លីដា

    Share This Post: