ទោះបីឪពុកនិងជីដូនស្លាប់ចោលក្ដី ក្មេងប្រុសម្នាក់នេះសុខចិត្តដាំបន្លែចិញ្ចឹមជីវិត ហើយមិនសុំ ឬទទួលជំនួយពីគេនោះទេ
កុមារាជនជាតិវៀតណាមម្នាក់ត្រូវរស់នៅយ៉ាងកំព្រាម្នាក់ឯង បន្ទាប់ពីជីដូន និងឪពុកបានស្លាប់ចោល។ កុមារាម្នាក់នោះមានឈ្មោះថា Dang Van Khuyen អាយុ ១០ឆ្នាំ ហើយអ្វីដែលគួរឱ្យសរសើរគាត់បំផុតគឺថា គាត់មិនលាដៃសុំទានគេ មិនព្រមឱ្យគេយកទៅចិញ្ចឹម ហើយក៏មិនទទួលជំនួយពីនរណាម្នាក់នោះដែរ។ កុមារា Khuyen ចិញ្ចឹមជីវិតដោយដាំបន្លែខ្លួនឯង ហើយមិនថាគាត់ត្រូវរស់នៅជីវិតឯកោ និងធ្វើការដាំដំណាំចិញ្ចឹមជីវិតទាំងវ័យក្មេងនោះទេ គាត់ថែមទាំងជាសិស្សឧស្សាហ៍ទៅវៀនមិនដែលខានទៀតផង។

ក្មេងប្រុស Khuyen កាលពីមុនធ្លាប់តែរស់នៅក្នុងជីវិតសាមញ្ញ ជាមួយនឹងជីដូននៅក្នុងភូមិដាច់ស្រយាលមួយ នៅឯប្រទេសវៀតណាម ខណៈដែលឪពុករបស់គាត់ធ្វើការសំណង់នៅក្រៅទីក្រុង។ ក្នុងនាមជាសិស្សពូកែ Khuyen បានទៅសាលារៀនរាល់ថ្ងៃ ដោយពឹងផ្អែកលើប្រាក់ដែលឪពុកផ្ដល់ឱ្យ ដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុក្នុងគ្រួសារ។ ក្រោយមកមិនយូរប៉ុន្មានជីដូនរបស់ក្មេងប្រុសក៏បានទទួលមរណភាពដោយសារជរាពាធ ចំណែកឪពុករបស់គាត់ក៏ត្រូវបានស្លាប់ដោយគ្រោះថ្នាក់នៅកន្លែងធ្វើការទៅទៀត។
នៅពេលដែលឪពុករបស់ក្មេងប្រុសបានស្លាប់ គ្រូរបស់ Khuyen ជាអ្នករ៉ាប់រងថ្លៃចំណាយបញ្ជូនសពមកស្រុកកំណើតវិញ ហើយគាត់ប្រមូលមូលនិធិបានប្រហែល ៤៣០ដុល្លារអាមេរិក ដើម្បីបូជាសពឪពុករបស់ក្មេងប្រុស។ រឿងរ៉ាវរបស់ក្មេងប្រុសត្រូវបានគ្រូរបស់គាត់ចែកចាយលើបណ្ដាញសង្គម ហើយក៏មានមនុស្សជាច្រើនសម្តែងការសោកស្ដាយ។ មានមនុស្សជាច្រើនក៏បានបារម្ភពីស្ថានភាពរបស់គាត់ពេលនេះដែរ មានខ្លះចង់ជួយជាជំនួយទឹកប្រាក់ផ្សេងៗ។ ប៉ុន្តែយ៉ាងណាក្មេងប្រុសមិនទទួលជំនួយ ហើយសូម្បីតែរដ្ឋាភិបាលក្នុងតំបន់ និងសាលាចង់រកគ្រួសារថ្មីឱ្យគាត់ ក៏គាត់មិនទៅនៅនោះដែរ។ គាត់និយាយថា សុខចិត្តនៅម្នាកឯង ប្រឈមមុខនឹងឧបសគ្គក្នុងជីវិតដោយខ្លួនឯង៕




អត្ថបទ៖ លីដា