ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការវៀតណាមកាត់ទោសប្រហារជីវិតមនុស្ស ១១នាក់ ពីបទជួញដូរគ្រឿងញៀន

    BY autoadmin November 30, 2019
    តុលាការវៀតណាមកាត់ទោសប្រហារជីវិតមនុស្ស ១១នាក់ ពីបទជួញដូរគ្រឿងញៀន

    វៀតណាម៖ តុលាការឡាងសុន (Lang Son) បានកាត់ទោសប្រហារជីវិតមនុស្សចំនួន ១១នាក់ កាលពីថ្ងៃពុធ ពីបទលួចជួញដូរ ហេរ៉ូអ៊ីន ទម្ងន់ ៥៦១គីឡូក្រាម ចេញពីប្រទេសវៀតណាមចូលប្រទេសចិន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា មានសមាជិកម្នាក់ទៀតនៃក្រុមទំនើងនេះ ត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិតផងដែរ ហើយរឿងនេះបានក្លាយជាសាលក្រមដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគេទាំងនេះត្រូវបានចោទប្រកាន់ថា បានជួញដូរគ្រឿងញៀនអំឡុងពី ឆ្នាំ២០១៦ ដល់ ២០១៨ ចេញពីខេត្តឡាងសុនកាត់ព្រំដែនចូលប្រទេសចិន។

    លោក Vi Van The អាយុ ៤៨ឆ្នាំ ដែលជាមេដឹកនាំក្រុមទំនើងនេះបានសារភាពថា គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូនៅក្នុងប្រទេសចិន និងបានជួញដូរគ្រឿងញៀនជាច្រើនដងចូលប្រទេសជិតខាង។ លោកត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០១៨ ខណៈគាត់ព្យាយាមរត់ភៀសខ្លួនទៅប្រទេសឡាវ។ គួរឱ្យដឹងដែរថា ប្រទេសវៀតណាមគឺជាមជ្ឈមណ្ឌលជួញដូរគ្រឿងញៀនដ៏សំខាន់មួយពីតំបន់ត្រីកោណមាស (ចំនុចប្រសព្វនៃប្រទេសឡាវ ថៃ និងមីយ៉ាន់ម៉ា) និងជាតំបន់ផលិតគ្រឿងញៀនធំលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីតំបន់អឌ្ឍចន្ទមាស (ទីតាំងព្រំប្រទល់ ៣ ប្រទេស៖ អាហ្វហ្កានីស្ថាន, អ៊ីរ៉ង់ និង ប៉ាគីស្ថាន) នៃអាស៊ីខាងត្បូង។

    ទោះបីវៀតណាមមានច្បាប់គ្រឿងញៀនតឹងរឹងបំផុតក្នុងពិភពលោក រួមទាំងទោសប្រហារជីវិត ដោយសារការរត់ពន្ធ និងការជួញដូរក៏ដោយ ក៏ការផ្ទុះឡើងនៃការជួញដូរគ្រឿងញៀននៅតែបន្តកើតមានជាញឹកញាប់។ អ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធគ្រឿងញៀន ហេរ៉ូអ៊ីន ច្រើនជាង ៦០០ក្រាម ឬមេតំហ្វេតាមីន ជាង ២.៥គីឡូក្រាម ប្រឈមនឹងទោសប្រហារជីវិត។ ការផលិត ឬលក់ហេរ៉ូអ៊ីន ១០០ក្រាម ឬ ៣០០ក្រាម នៃគ្រឿងញៀនខុសច្បាប់ផ្សេងទៀតក៏ត្រូវទទួលទោសប្រហារជីវិតដែរ៕

    អត្ថបទ៖ លីដា

    Share This Post: