អាកាសយានដ្ឋានអន្តរជាតិវ៉ាន់ដុនវៀតណាម ជាប់ជាអាកាសយានដ្ឋានថ្មីឈានមុខគេនៅលើពិភពលោក ឆ្នាំ២០១៩
អាកាសយានដ្ឋានឯកជនដំបូងបង្អស់របស់ប្រទេសវៀតណាមវ៉ាន់ដុន ត្រូវបានជ្រើសរើសជាអាកាសយានដ្ឋានថ្មីឈានមុខគេលើពិភពលោក ឆ្នាំ២០១៩ ដោយពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) ។ អាកាសយានដ្ឋានអន្តរជាតិវ៉ានដុន (Van Don International Airport) ដែលមានទីតាំងស្ថិតនៅក្នុងខេត្តក្វាងនិញ បានផ្តួលគូប្រជែងចំនួន ៧ មកពីជុំវិញពិភពលោក ពោលគឺអាកាសយានដ្ឋានអន្តរជាតិ Louis Armstrong New Orleans របស់សហរដ្ឋអាមេរិក, អាកាសយានដ្ឋានស្រុក Carlisle Lake នៃចក្រភពអង់គ្លេស, អាកាសយានដ្ឋាន Corvera Murcia របស់អេស្ប៉ាញ, អាកាសយានដ្ឋាន Eilat Ramon របស់អ៊ីស្រាអែល, អាកាសយានដ្ឋានអន្តរជាតិ Pakyong របស់ប្រទេសឥណ្ឌា, អាកាសយានដ្ឋាន Seletar ប្រទេសសិង្ហបុរី និងអាកាសយានដ្ឋានអន្តរជាតិ Yogyakarta Adisucipto របស់ឥណ្ឌូនេស៊ី ដើម្បីឈ្នះពានរង្វាន់នេះ។

គួរឱ្យដឹងដែរថា ព្រលានយន្តហោះឯកជនរបស់វៀតណាមមួយនេះ ត្រូវបានដាក់សម្ពោធកាលពីខែធ្នូ ឆ្នាំ២០១៨ ។ ព្រលានដែលមានតម្លៃ ៧.៥ទ្រីលានដុង (៣២៤លានដុល្លារ) ស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីឆ្នេរហាឡុង ដែលជាតំបន់បេតិកភណ្ឌពិភពលោក ដែលទទួលស្គាល់ដោយយូណេស្កូ។ ពានរង្វាន់ “អាកាសយានដ្ឋានឈានមុខគេលើពិភពលោក” ត្រូវបានណែនាំដោយ WTA កាលពីឆ្នាំមុន ហើយអ្នកឈ្នះដំបូងគឺអាកាសយានដ្ឋានអន្តរជាតិ Muscat International ប្រទេសអូម៉ង់។ WTA បាននិយាយថា ពានរង្វាន់នេះគឺផ្អែកលើការវាយតម្លៃយ៉ាងម៉ត់ចត់លើលក្ខណៈវិនិច្ឆ័យ រួមទាំងការរចនាទូទៅនៃអាកាសយានដ្ឋាន គុណភាពសេវាកម្ម ភាពពេញចិត្តនៃអ្នកដំណើរ និងបទពិសោធន៍របស់អតិថិជនក្នុងការអនុវត្តបច្ចេកវិទ្យាថ្មី៕



អត្ថបទ៖ លីដា