អ្នកមិនគួរពាក់កាសស្តាប់ត្រចៀកលើសពី ៩០នាទី ក្នុងមួយពេលនោះទេ!
កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលម៉ាឡេស៊ីបានព្រមានថា ការប្រើប្រាស់កាសត្រចៀកមិនថាជាប្រភេទ headphones ឬ earbuds សុទ្ធតែអាចបណ្តាលឱ្យខូចត្រចៀក ប្រសិនបើអ្នកមិនប្រយ័ត្ននឹងទម្លាប់ស្តាប់របស់អ្នកទេនោះ។ នៅក្នុងក្រាហ្វិចព័ត៌មានមួយដែលបានបង្ហោះទៅក្នុងបណ្ដាញ Twitter ក្រសួងសុខាភិបាលម៉ាឡេបាននិយាយថា ការពាក់កាសស្តាប់ត្រចៀកយូរពេក ឬខ្លាំងពេក គឺមានផលប៉ះពាល់ខ្លាំងណាស់ដល់ត្រចៀក។ ពួកគេក៏បានព្រមានផងដែរថា ការបាត់បង់សមត្ថភាពការស្តាប់របស់អ្នកគឺមិនមានការឈឺចាប់នោះទេ ហើយវាកើតឡើងយឺតៗ។ អ្នកស្ទើរតែមិនចាប់អារម្មណ៍ផងថា ត្រចៀករបស់អ្នកគឺខ្សោយជាងមុន និងចាប់ផ្ដើមខូចបន្តិចម្ដងៗ។ ម៉្យាងទៀតបើវាខូចហើយ គឺវាមិនអាចប៉ះប៉ូវមកវិញនោះទេ។

មានភ័ស្តុតាងហូរហែដែលបង្ហាញថា ការប្រើប្រាស់ឧបករណ៍ស្ដាប់ទាំងនេះ នាំឱ្យបាត់បង់សមត្ថភាពការស្តាប់យ៉ាងខ្លាំងក្នុងចំណោមយុវវ័យ។ ដោយនៅ ឆ្នាំ២០១៥ អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា យុវជនជាង ១ពាន់លាននាក់ មានហានិភ័យក្នុងការវិវត្តទៅជាថ្លង់ ដោយសារតែទម្លាប់មិនល្អនៅពេលដែលពួកគាត់ស្តាប់តន្ត្រី។ ហើយដើម្បីជ្រាបច្បាស់ថាហេតុអ្វីវាធ្វើឱ្យយើងមានបញ្ហាបាត់បង់ការស្ដាប់ឮ ខាងក្រោមនេះជាមូលហេតុគោល ២ចំណុច ដែលអ្នកត្រូវដឹង៖
– នៅពេលរលកសំឡេងទៅដល់ក្នុងត្រចៀករបស់យើង វាបណ្តាលឱ្យត្រចៀកមានរំញ័រ។ រំញ័រនេះធ្វើដំណើរឆ្លងកាត់ឆ្អឹងតូចៗជាច្រើន ដើម្បីទៅដល់ cochlea (ឆ្អឹងសំបកខ្យងក្នុងត្រចៀក) នៅក្នុងត្រចៀកផ្នែកខាងក្នុង។
– cochlea គឺជាតំបន់ដែលពោរពេញទៅដោយអង្គធាតុរាវ ដែលផ្ទុកនូវរោមតូចៗរាប់ពាន់។ នៅពេលសំឡេងរំញ័រទៅដល់ cochlea វត្ថុរាវនៅខាងក្នុងវាញ័រ ហើយបណ្តាលឱ្យរោមធ្វើចលនា។

យោងទៅតាម Audio Recovery សំឡេងកាន់តែខ្លាំងបណ្តាលឱ្យរំញ័រកាន់តែខ្លាំង ដែលជាហេតុធ្វើឱ្យរំញោចកោសិកាសក់នៅតំបន់ cochlea កាន់តែខ្លាំង។ ដូច្នេះគ្រោះថ្នាក់សំខាន់នៅទីនេះគឺកម្រិតសំឡេង (volume) ព្រោះកាសស្តាប់ត្រចៀកបង្កើតបានជាសំឡេងឮខ្លាំងៗចូលត្រចៀករបស់អ្នក សំឡេងឮខ្លាំងពេក គឺអាចធ្វើឱ្យកោសិកាសក់នៅ cochlea មិនត្រឹមតែរំញ័រប៉ុណ្ណោះទេ តែអាចពត់ ឬបត់បានទៀតផង។
នេះគឺជាអ្វីដែលបណ្តាលឱ្យអ្នកមានអារម្មណ៍ថា ការស្តាប់ចុះខ្សោយជាបណ្តោះអាសន្ន (ឬហឹងត្រចៀក) បន្ទាប់ពីអ្នកប្រឈមនឹងកន្លែងមានសំឡេងឮខ្លាំង ដូចជាបន្ទាប់ពីចេញពីការប្រគំតន្ត្រី ឬរោងកុនជាដើម។ កោសិកាសក់ចំណាយពេលវេលាដើម្បីជាសះស្បើយពីការរំញ័រខ្លាំង ដែលបណ្តាលមកពីសំឡេងខ្លាំងៗនោះ។ ទោះយ៉ាងណាក៏ដោយក្នុងករណីខ្លះកោសិកាមិនជាសះស្បើយវិញនោះទេ ហើយនេះស្មើនឹងការបាត់បង់ការឮសំឡេងជាអចិន្រ្តៃយ៍។ សម្រាប់ករណីនេះវាគ្មានវិធីព្យាបាលណា ដែលអាចជួសជុលត្រចៀកផ្នែកខាងក្នុងរបស់អ្នកដែលបានខូចនោះទេ។

យោងទៅតាម Focus Malaysia ញាណនៃការស្តាប់របស់យើង គឺជាដំណើរការស្មុគស្មាញមួយ ដែលមានទាំងសមត្ថភាពរបស់ត្រចៀកក្នុងការចាប់យកសំឡេង និងប្រេកង់ និងខួរក្បាលដើម្បីបកស្រាយវា។ ដូច្នេះនៅពេលដែលការស្តាប់កាន់តែចុះខ្សោយអាក្រក់ទៅៗ ការយល់ដឹងពីអ្វីដែលអ្នកដទៃបាននិយាយនឹងមានការលំបាកកាន់តែខ្លាំង បើទោះបីជាយើងពិតជាបានឮពាក្យទាំងនោះក៏ដោយ។

សូម្បីការស្តាប់តន្ត្រីក្នុងកម្រិតសំឡេងល្មមក៏អាចធ្វើឱ្យខូចការស្តាប់របស់អ្នកបានគ្រប់ពេល! នោះគឺដោយសារតែត្រចៀករបស់អ្នកមិនត្រឹមតែខូចខាតដោយសារសំឡេងខ្លាំងៗប៉ុណ្ណោះទេ ប៉ុន្តែដោយសាររយៈពេលនៃការស្ដាប់របស់អ្នក។ ប្រសិនបើអ្នកចង់ដឹងថា តើកម្រិតសំឡេង និងរយៈពេលប៉ុន្មានខ្លះអាចធ្វើឱ្យត្រចៀកអ្នកឆាប់ខូចបាន អ្នកអាចមើលបានតាមរយៈតារាងខាងក្រោមនេះ៖

ដូច្នេះតើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីការពារការបាត់បង់ការស្តាប់ដែលបណ្តាលមកពីសំឡេង?
ក្រសួងសុខាភិបាលម៉ាឡេស៊ីបានណែនាំគន្លឹះមួយចំនួនខាងក្រោមដូចជា៖
– កុំទម្លាប់ស្ដាប់កាសពេក។
– កុំស្ដាប់កាសក្នុងកម្រិតសំឡេង (Volume) ច្រើនជាងពាក់កណ្ដាល។
– កុំស្ដាប់កាសច្រើនជាង ៩០នាទី រាល់មួយលើកៗ។
– កុំប្រើពពួក earbuds គួរប្រើ headphones ដែលវាមានសមត្ថភាពកាត់បន្ថយសំឡេងពីខាងក្រៅ ដូច្នេះអ្នកមិនចាំបាច់បើកកាសក្នុងកម្រិតសំឡេងខ្លាំង។
– ឱ្យត្រចៀកបានសម្រាក ព្រោះជាធម្មតាវាត្រូវការសម្រាកឱ្យបាន ១៦ម៉ោង ក្នុងមួយថ្ងៃ៕

អត្ថបទ៖ លីដា