ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាតុកម្មតវ៉ាការឡើងថ្លៃប្រេងនៅអ៊ីរ៉ង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០៨នាក់

    BY autoadmin December 3, 2019
    បាតុកម្មតវ៉ាការឡើងថ្លៃប្រេងនៅអ៊ីរ៉ង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០៨នាក់

    អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និយាយថា យ៉ាងហោចណាស់មានមនុស្ស ២០៨នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ ដោយសារបញ្ហាឡើងថ្លៃប្រេង។ ការតវ៉ាបានផ្ទុះឡើងនៅក្នុងខែវិច្ឆិកា និងបានរាលដាលពាសពេញប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា អគារសាធារណៈចំនួន ១៤០កន្លែង ត្រូវបានដុតបំផ្លាញ ឬខូចខាត។ ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ក៏បានចេញផ្សាយចំនួនអ្នកស្លាប់នេះកាលពីថ្ងៃច័ន្ទ ដោយផ្អែកលើប្រភពគួរឱ្យទុកចិត្តទាំងក្នុង និងក្រៅប្រទេសអ៊ីរ៉ង់ រួមទាំងសាច់ញាតិជនរងគ្រោះ អ្នកសារព័ត៌មាន និងសកម្មជន។

    អង្គការក៏បាននិយាយដែរថា ចំនួនអ្នកស្លាប់គឺជាភ័ស្តុតាងបន្ថែមទៀតដែលបង្ហាញថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់បានឈានដល់ការសម្លាប់មនុស្សយ៉ាងសាហាវមកលើប្រជាជនខ្លួន។ ពួកគេក៏បានថ្កោលទោសចំពោះគំនិតដែលថា ក្រុមគ្រួសារជនរងគ្រោះត្រូវបានគំរាមកំហែង និងព្រមានមិនឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ឬក៏មិនឱ្យធ្វើពិធីបុណ្យសពសំរាប់មនុស្សជាទីស្រឡាញ់របស់ពួកគេផងដែរ។ អតីតទីប្រឹក្សាសន្តិសុខជាតិសម្រាប់រដ្ឋបាលអាមេរិកលោក John Bolton ក៏បានរិះគន់រដ្ឋាភិបាលអ៊ីរ៉ង់នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃចន្ទ ដោយលោកបានសរសសេរថា៖ “កម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករដែលគ្មានអាវុធនៅក្នុងទីតាំងជាច្រើន”។

    លោក John Bolton ក៏បានបន្ថែមថា អាមេរិកមិនអាចមានការចរចារ និងជឿទុកចិត្តលើបញ្ហានុយក្លេអ៊ែរជាមួយរដ្ឋាភិបាល ដែលបានសម្លាប់ប្រជាជនរបស់ខ្លួនឡើយ។ យ៉ាងណាមិញរដ្ឋាភិបាលអ៊ីរ៉ង់បានសារភាពថា មានអ្នកស្លាប់និងរបួសពិតមែន ប៉ុន្តែបានអះអាងថា ចំនួនអ្នកស្លាប់របស់របាយការណ៍ក្រុមសិទ្ធិមនុស្សគឺគ្មានមូលដ្ឋាននោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: