ហូជីមិញរបស់វៀតណាមជាប់ជាទីក្រុងល្អបំផុតទី៣ សម្រាប់ជនបរទេសដែលមករស់នៅ និងធ្វើការ
ការស្ទង់មតិរបស់ InterNations ដែលជាគេហទំព័រ និងសហគមន៍ព័ត៌មានធំជាងគេបំផុត សម្រាប់ប្រជាជនដែលរស់នៅ និងធ្វើការនៅបរទេសបានរកឃើញថា ការស្នាក់នៅ ហិរញ្ញវត្ថុ និងថ្លៃដើមក្នុងការរស់នៅទាប ធ្វើឱ្យទីក្រុងហូជីមិញកាន់តែមានភាពទាក់ទាញ។ ចំណាត់ថ្នាក់ទីក្រុងនេះត្រូវបានស្ទង់មតិពីអ្នកចូលរួមជាង ២០,០០០នាក់ ដែលតំណាងឱ្យ ១៧៨សញ្ជាតិ ដែលរស់នៅក្នុង ១៨៧ប្រទេស និងដែនដីប្រហែល ៨២ ជុំវិញពិភពលោក។ ក្នុងនោះផងដែរពួកគេត្រូវបានគេសួរសំណួរអំពីគុណភាពនៃការរស់នៅទីក្រុង ការដោះស្រាយជីវភាព ការងារទីក្រុង ហិរញ្ញវត្ថុនិងលំនៅដ្ឋាន ថ្លៃដើមក្នុងការរស់នៅ និងកម្រិតសុភមង្គលជាដើម។

យ៉ាងណាមិញទីក្រុងហូជីមិញធ្វើបានល្អស្ទើរតែទាំងអស់ លើកលែងតែគុណភាពនៃការរស់នៅទីក្រុង ដែលមានចំណាត់ថ្នាក់លេខ ៦៣ នៅក្នុងថ្នាក់នោះ។ ទីក្រុងនេះស្ថិតនៅលើតារាងកំពូលលើហិរញ្ញវត្ថុ និងផ្ទះសម្បែង ដោយមានអ្នកចូលរួម ៩ ក្នុងចំណោម ១០ និយាយថា វាងាយស្រួលក្នុងការស្វែងរកលំនៅដ្ឋាន។ ចំណែក ៧៧% នៃអ្នកចូលរួមបាននិយាយថា ពួកគេសប្បាយចិត្តនឹងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេនៅក្នុងទីក្រុង បើប្រៀបធៀបទៅនឹងអត្រាជាសកលមានតែ ៥៧% ប៉ុណ្ណោះ។
យ៉ាងណាមិញថ្វីបើប្រទេសនេះមានបញ្ហាខ្យល់កខ្វក់ ប៉ុន្តែប្រទេសនេះនៅតែឈានជើងទៅមុខលើគ្រប់វិស័យ។ ជាក់ស្ដែងកាលពីដើមឆ្នាំនេះ ធនាគារ HSBC បាននិយាយនៅក្នុងការស្ទង់មតិថា ជនបរទេសនៅវៀតណាមរកប្រាក់បានខ្ពស់ជាងប្រាក់ចំណូលមធ្យមពិភពលោក។ ចំណែកជនបរទេសដែលមកធ្វើការ និងរស់នៅក៏មានចំនួនច្រើនដែរ ដែលមានប្រមាណ ៨៣,៥០០នាក់ នេះបើយោងតាមក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ច៕

អត្ថបទ៖ លីដា