អន្តរជាតិ
ភ្នំភ្លើងនៅលើកោះ Whakaari របស់នូវែលសេឡង់បានផ្ទុះឡើង ដែលធ្វើឱ្យមានអ្នករងរបួស និងបាត់ខ្លួនជាច្រើន
BY autoadmin
December 9, 2019
ភ្នំភ្លើងមួយបានផ្ទុះឡើងនៅថ្ងៃច័ន្ទនេះផ្ទាល់ នៅលើកោះមួយរបស់ប្រទេសនូវែលសេឡង់ ហើយមនុស្សមួយចំនួនត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន និងរងរបួស បន្ទាប់ពីមានការផ្ទុះនេះ។ អ្នកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern បាននិយាយថា អ្នកទេសចរប្រហែល ១០០នាក់ បានស្ថិតនៅលើ ឬនៅជិតកោះ Whakaari ឬកោះសនោះ នៅពេលដែលវាបានផ្ទុះឡើង។ ខណៈពេលនេះអ្នកសង្គ្រោះកំពុងបញ្ជូនជនរងគ្រោះឡើងមកលើគោក និងបន្តស្វែងរកអ្នកបាត់ខ្លួន។

ទីភ្នាក់ងារ GeoNet បាននិយាយថា ការផ្ទុះភ្នំភ្លើងកម្រិតមធ្យមបានកើតឡើង និងបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនដល់កម្រិត ៤ នៅលើខ្នាតមាត្រដ្ឋាន ៥ ដែលតំណាងឱ្យមហន្ដរាយដ៏ធំ។ ប៉ូលីសបានស្នើសុំឱ្យប្រជាជនចៀសចេញពីតំបន់នៅលើកោះខាងជើង ដែលនៅជិតការផ្ទុះនេះរួមទាំងតំបន់ Whakatane និងតំបន់ Muriwai Drive ។ កោះស ឬ Whakaari ស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីដីគោកប្រទេសនូវែលហ្សេឡង់៕




អត្ថបទ៖ លីដា