សកម្មជនអាកាសធាតុវ័យក្មេង Greta Thunberg ត្រូវបានទស្សនាវដ្តី Time ដាក់ងារជាបុគ្គលប្រចាំឆ្នាំ២០១៩
ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩២៧ ទស្សនាវដ្តី TIME បានជ្រើសរើសមនុស្ស ក្រុម កម្មវត្ថុ ឬគំនិតណាមួយ ដែលមិនថាជាល្អ ឬអាក្រក់នោះទេ… ឱ្យតែមានឥទ្ធិពលខ្លាំងទៅលើព្រឹត្តិការណ៍នានាប្រចាំឆ្នាំ។ ជាក់ស្ដែងបញ្ជីរាយនាមអ្នកទទួលងារជា “បុគ្គលប្រចាំឆ្នាំ” របស់ Time Magazine ពីអតីតកាលរួមមាន៖ ប្រធានាធិបតី សែស្តេច និងមេដឹកនាំសាសនា ក៏ដូចជាអ្នកវិទ្យាសាស្ត្រ និងអ្នកសារព័ត៌មានជាដើម។ សម្រាប់ឆ្នាំនេះវិញសកម្មជនអាកាសធាតុជនជាតិស៊ុយអែត ដែលមានអាយុ ១៦ឆ្នាំ ឈ្មោះ Greta Thunberg គឺជាអ្នកនៅគ្របមុខរបស់ទស្សនាវដ្តី Time វិញម្ដង។

នាងតូចម្នាក់នេះគឺជាបុគ្គលម្នាក់ ដែលមានឥទ្ធិពលខ្លាំងមែនទែនចាប់តាំងពីឆ្នាំមុនមក។ ពោលគឺកាលពីឆ្នាំ២០១៨ នាងតូចបានធ្វើពហិការមិនចូលរៀននោះទេជារៀងរាល់ថ្ងៃសុក្រ ដោយនាងតូចបានទៅតវ៉ានៅខាងក្រៅរដ្ឋសភាជាតិ ដើម្បីទាមទារឱ្យមានការវិធានការដោះស្រាយការប្រែប្រួលអាកាសធាតុ។ ការតវ៉ារបស់នាងតូចបានជម្រុញយុវជនដទៃទៀត ឱ្យទាមទាររកដំណោះស្រាយពីរដ្ឋាភិបាលរបស់ពួកគេ ហើយទីបំផុតវាបានសាបព្រោះទូទាំងពិភពលោក។
“នាងជានិមិត្តរូបនៃការឈឺចាប់ តឹងទ្រូង អស់សង្ឃឹម និងកំហឹងក្នុងកម្រិតមួយ ក៏ដូចជាក្តីសង្ឃឹមរបស់យុវជនជាច្រើនដែលមិនទាន់គ្រប់អាយុបោះឆ្នោតនៅឡើយ មុនពេលដែលអនាគតរបស់ពួកគេត្រូវវិនាសសាបសូន្យ”។ នេះបើតាមសម្ដីរបស់នាង Varshini Prakash ដែលជាសហស្ថាបនិកសកម្មជនអាកាសធាតុ Sunrise Movement ។
ក្នុងរយៈពេល ១៦ខែចាប់តាំងពីនាងតូច Greta Thunberg ចាប់ផ្តើមធ្វើកូដកម្មអាកាសធាតុ នាងតូចបានថ្លែងទៅកាន់អង្គការសហប្រជាជាតិ បានជួបជាមួយសម្តេចប៉ាបហ្វ្រង់ស្វ័រ និងបានជំរុញឱ្យមនុស្សគ្រប់រូបដែលមានអំណាចឱ្យជួយការពារបរិស្ថាន។ ព្រោះថាបើមិនមែនសម្រាប់ពួកគេទេ ក៏គួរតែធ្វើដើម្បីអនាគតមនុស្សជំនាន់ក្រោយដែរ។ នាងតូចនិយាយថា៖ “យើងមិនមែនបន្តរស់នៅដូចជាគ្មានថ្ងៃស្អែកនោះទេ ពីព្រោះថ្ងៃស្អែកនឹងនៅតែមាន”៕


អត្ថបទ៖ លីដា