៦ចំណុច ក្នុងការដោះស្រាយបញ្ហាក្លិនជើងមិនល្អ
មនុស្សមួយចំនួនបានជួបនឹងបញ្ហាធុំក្លិនជើង ដែលធ្វើឲ្យពួកគេមានការខ្មាស់អៀនចំពោះខ្លួនឯង និងមនុស្សដែលនៅជុំវិញខ្លួន ហើយបញ្ហាបែបនេះត្រូវបានគេស្គាល់ថាជាជំងឺ Bromodosis ឬជាភាសាខ្មែរហៅថា ‘ជំងឺធុំក្លិនជើង’ នេះឯង។ បញ្ហាធុំក្លិនជើងនេះដែរ គឺបណ្ដាលមកពីញើស និងស្បែកជើងដែលអ្នកកំពុងប្រើប្រាស់។

ការសិក្សាមួយបានបង្ហាញថា ជើង និងដៃគឺមានក្រពេញញើសច្រើនជាងផ្នែកដ៏ទៃទៀតនៃរាងកាយរបស់មនុស្ស។ បញ្ហាដែលធ្វើឲ្យមានក្លិនមិនល្អនោះគឺ បណ្ដាលមកពីជើង និងស្បែករបស់អ្នក។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាម ឬខ្សោយចរន្តឈាម អ្នកត្រូវប្រញាប់ទៅពិភាក្សាជាមួយអ្នកផ្ដល់ប្រឹក្សាផ្នែកសុខភាពមុននឹងអ្នកព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯង។ តែទោះយ៉ាងណា អ្នកកុំបារម្ភចំពោះបញ្ហាទាំងអស់នេះអី ដោយគ្រាន់តែអនុវត្តតាមវិធីទាំង ៦ចំណុច ដូចខាងក្រោម៖
១. ការលាងសម្អាតជើងជាប្រចាំរាល់ថ្ងៃ

ដើម្បីថែរក្សាជើងរបស់អ្នកពីការធុំក្លិនមិនល្អ អ្នកត្រូវលាងសម្អាតជើងអោយមានអនាម័យល្អជារៀងរាល់ថ្ងៃជាមួយនឹងទឹកក្ដៅ និងសាប៊ូកម្ចាត់មេរោគ។ ការលាងសម្អាតសារធាតុកខ្វក់ ញើស និងក្លិនស្អុយចេញពីជើងរបស់អ្នក គឺមានន័យថាអ្នកបានកម្ចាត់បាក់តេរីដែលនៅជាប់នឹងជើងនោះឯង។
ក. លាងសម្អាតគ្រប់ចន្លោះម្រាមជើង និងគែមក្រចក។ ដោយសារតែកន្លែងទាំងនេះជាទីតាំងដែលបាក់តេរីងាយនឹងកកើតឡើងជាទីបំផុត។
ខ. ប្រសិនបើជើងអ្នកមានក្លិនមិនល្អ អ្នកគួរព្យាយាមលាងសម្អាតជើងឱ្យបានច្រើនដងក្នុងមួយថ្ងៃ។ លាងសម្អាតជើងពេលព្រឹកម្ដង និងពេលយប់ម្តងទៀត ហើយជាពិសេសគួរលាងម្ដងទៀតក្រោយពីហាត់បា្រណរួច។
២. ការប្រើប្រាស់ថ្នាំលាប

ការជម្រុះកោសិកាស្បែកដែលងាប់អាចជួយកាត់បន្ថយក្លិនស្អុយបានមួយកម្រិតដែរ។ អ្នកអាចប្រើប្រាស់ថ្នាំលាបដើម្បីជួយការពារកុំឱ្យប្រអប់ជើងរបស់អ្នកមានក្លិនមិនល្អ។
ក. ថែរក្សាក្រចកជើងឱ្យស្អាតមានអនាម័យ និងកាត់ពួកវាអោយខ្លីៗដើម្បីកាត់បន្ថយការមកទុំនៃបាក់តេរីឱកាសនិយមទាំងឡាយ។
ខ. ផ្តល់សំណើមដល់ប្រអប់ជើងរបស់អ្នកដោយការលាបឡេ ដើម្បីរក្សាអោយប្រអប់ជើងទន់ និងមានសុខភាពល្អ។ អ្នកគួរតែព្យាយាមលាបឡេដែលមានក្លិនក្រអូបដើម្បីបំបាត់ក្លិនមិនល្អ ដូចជាផ្កាឡាវេនឌើ ជីអង្កាម ឬប្រេងតែ ជាដើម។
៣. ធ្វើយ៉ាងណាឱ្យជើងរបស់អ្នកស្ថិតក្នុងសភាពស្ងួត

បញ្ហាក្លិនជើងបណ្ដាលមកពីបាក់តេរី ដែលជាទូទៅពួកវាទាំងនោះអាចបង្កកំណើត និងរីកធំធាត់បាននៅកន្លែងដែលមានសំណើម។ ពពួកបាក់តេរីទាំងអស់នោះអាចបង្កកំណើត និងចាប់ផ្ដើមតោងជាប់យ៉ាងស្អិតនៅលើប្រអប់ជើងរបស់អ្នក រួចក៏បង្កជាក្លិនស្អុយ។ ជាក់ស្តែងនៅពេលដែលអ្នកពាក់ស្រោមជើង និងស្បែកជើងសើម នោះអ្នកនឹងគេចមិនផុតពីការធុំក្លិនជើងនោះឡើយ។ ដើម្បីឱ្យជើងរបស់មានសភាពស្ងួតល្អ អ្នកគួរតែអនុវត្តតាមវិធីមួយចំនួនដូចខាងក្រោម៖
ក. សម្ងួតជើងរបស់អ្នកអោយស្ងួតល្អក្រោយពេលងូតទឹករួច។ អ្នកត្រូវសម្ងួតប្រអប់ជើងទាំងមូលអោយស្ងួតសូម្បីតែនៅតាមចន្លោះម្រាមជើងនីមួយៗក៏ដោយ។
ខ. យកក្រណាត់ជូតសម្អាតតាមចន្លោះម្រាមជើងជាមួយនឹងអាល់កុល ក្រោយពេលប្រអប់ជើងរបស់អ្នកស្ងួតអស់។ ការជូតសម្អាតជាមួយនឹងអាល់កុលអាចជួយឱ្យស្បែកកាន់តែស្ងួតល្អនៅតាមចន្លោះម្រាមជើង និងថែមទាំងជួយការពារកុំអោយមានក្លិនមិនល្អបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ ទោះជាយ៉ាងណាក៏ដោយ សូមកុំប្រើអាល់កុលឱ្យសោះប្រសិនអ្នកមានអាការ:ដូចជាដំបៅ ស្បែកប្រេះ ឬក៏ប្រអប់ជើងស្ងួតក្រៀម។
៤. ការពាក់ស្រោមជើង

ប្រសិនបើអាច អ្នកគួរពាក់ស្រោមជើងនៅរាល់ពេលណាដែលអ្នកពាក់ស្បែកជើង។ ដោយសារតែស្រោមជើងនឹងដើរតួយ៉ាងសំខាន់ក្នុងការស្រូបយកសំណើម តែផ្ទុយទៅវិញប្រសិនបើអ្នកមិនបានពាក់ស្រោមជើងនោះទេ សារធាតុញើសដែលចេញពីប្រអប់ជើងរបស់អ្នក នឹងជ្រៀបចូលទៅក្នុងស្បែកជើង រួចទៅជាប់នឹងចន្លោះម្រាមជើងបានយ៉ាងងាយ។
៥. ការជ្រើសរើសស្រោមជើងអោយបានត្រឹមត្រូវ

ជាការពិតណាស់ ការជ្រើសរើសស្រោមជើងឱ្យបានត្រឹមត្រូវមុននឹងពាក់នោះ ក៏អាចជួយកាត់បន្ថយបានច្រើនក្នុងការបង្កឱ្យមានក្លិនប្រអប់ជើងមិនល្អបានដែរ។ ប្រភេទស្រោមជើងខ្លះមិនមានដំណើរការល្អក្នុងការជួយទប់ស្កាត់នូវការបង្កក្លិនអាក្រក់នោះឡើយ គឺវាគ្រាន់តែត្រូវបានប្រើដើម្បីជាការលម្អនៅពេលដែលអ្នកពាក់ស្បែកជើងតែប៉ុណ្ណោះ។
៦. ការប្រើប្រាស់ស្ព្រៃបាញ់កាត់បន្ថយការបញ្ចេញញើសនៅលើជើងរបស់អ្នក

Antiperspirant គឺជាប្រភេទស្ព្រៃបាញ់ម្យ៉ាងត្រូវបានគេប្រើដើម្បីទប់ស្កាត់ក្រពេញញើសកុំឱ្យពួកវាមានសមត្ថភាពបញ្ចេញសារធាតុញើសបានច្រើន។ ការប្រើប្រាស់ថ្នាំបាញ់បំបាត់ក្លិនមិនល្អផ្សេងៗវាគ្រាន់តែអាចជួយបន្លំក្លិនស្អុយបានតែមួយគ្រាប៉ុណ្ណោះ ដូចនេះប្រសិនបើអាច អ្នកគួរចៀសវាងប្រភេទថ្នាំទាំងនោះទើបជាការប្រសើរ៕
ប្រភព៖wikihow