ខ្មាន់កាំភ្លើង ដែលប្លន់ហាងមាស និងបាញ់សម្លាប់មនុស្សយ៉ាងសាហាវនៅថៃ ឥលូវនេះត្រូវតម្រួតថៃចាប់ខ្លួនបានហើយ គឺជានាយកសាលាទៀត
ថៃ៖ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារយ៉ាងសាហាវមួយនៅកាន់ហ្វូងអតិថិជននៅក្នុងផ្សារទំនើបមួយកន្លែងនៅក្នុងប្រទេសថៃ បណ្តាលឲ្យមានមនុស្សចំនួន ៣ នាក់បានស្លាប់បាត់បង់ជីវិត។ បុរសជាខ្មាន់កាំភ្លើងនោះបានចូលទៅប្លន់នៅក្នុងហាងលក់មាសក្នុងផ្សារទំនើបមួយកន្លែងក្នុងខេត្ត Lopburi ដែលមានចម្ងាយប្រមាណជា ១៦០ គីឡូម៉ែត្រពីទីក្រុងបាងកកប្រទេសថៃ។ ក្រោយការបាញ់ប្រហារមានបុរសជាសន្តិសុខម្នាក់ និងស្រ្តីជាបុគ្គលិកលក់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈមានកុមារអាយុ ២ ឆ្នាំម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។
យោងតាមប្រភពព័ត៌មានពីប្រទេសថៃនៅថ្ងៃនេះបានឲ្យដឹងថា ជនសង្ស័យឈ្មោះ Prasit Chai Khao Kaew អាយុ៣៨ឆ្នាំ មានតួនាទីជានាយកសាលា Wat Pho Chai ថែមទៀតផង។ ពេលនេះតម្រួតថៃកំពុងតែធ្វើការស៊ើបអង្កេតបន្ថែមលើករណីនេះ ដើម្បីឲ្យដឹងកាន់តែច្បាស់៕


អត្ថបទ៖ សេម





