ចិនបិទទីក្រុងចំនួន១៦ទាំងស្រុង លែងឲ្យចេញ-ចូលទៅមក ដើម្បីកុំឲ្យវីរុសកូរ៉ូណារាលដាលកាន់តែខ្លាំង
ចិន៖ អាជ្ញាធរក្នុងខេត្ត Hubei ប្រទេសចិន បានដាក់ទីក្រុងសរុបចំនួន ១៦ បិទមិនឲ្យចេញ-ចូល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀតនៅក្នុងការផ្ទុះវីរុសកូរ៉ូណា។ ទីក្រុងទាំង ១៦ នោះមានដូចជា៖
+ Wuhan (មានប្រជាជន ១១ លាននាក់)
+ Ezhou (១,០៧ លាននាក់)
+ Xiantao(១,៥៦ លាននាក់)
+ Zhijiang (៥៥០ ០០០នាក់)
+ Qianjiang (៩៦០ ០០០ នាក់)
+ Huanggang (៧៥០ ០០០ នាក់)
+ Chibi (៥៣០ ០០០នាក់)
+ Jingmen (៣០០ ០០០នាក់)
+ Xianning (២,៥៣ លាននាក់)
+ Huangshi (២,៦៨ លាននាក់)
+ Dangyang (៥៦០ ០០០នាក់)
+ Enshi (៨០០ ០០០នាក់)
+ Xiaogan (៤,១៦ លាននាក់)
+ Yichang (៤,១៦ លាននាក់)
+ Suizhou (២,២១ លាននាក់)
+ Jingzhou (៦,៤១ លាននាក់)
ការបិទទីក្រុងទាំង១៦នេះធ្វើឲ្យប៉ះពាល់ដល់ប្រជាជនប្រមាណ៥០លាននាក់ឯណោះ។ សេវាកម្មដឹកជញ្ជូនសាធារណៈដូចជាផ្លូវដែក រថភ្លើងក្រោមដី ឡានក្រុង និងសាឡាងត្រូវបានបិទទាំងអស់ ដើម្បីបញ្ឈប់ចលនាចេញ-ចូលទីក្រុង។ នៅទីរួមខេត្ត Wuhan ការហាមឃាត់ការប្រើប្រាស់យានយន្តឯកជននឹងត្រូវបានចាប់ផ្តើមផងដែរនៅថ្ងៃទី ២៦ ខែមករានៅកណ្តាលអធ្រាត្រ ដើម្បីទុកផ្លូវទំនេរសម្រាប់រថយន្តសង្គ្រោះបន្ទាន់ ក៏ដូចរថយន្តរដ្ឋាភិបាល និងសេវាសាធារណៈផ្សេងៗ។
អាជ្ញាធរមូលដ្ឋានបាននិយាយថា ឡានក្រុងចំនួន ៣១០ គ្រឿង និងរថយន្តឈ្នួល ៦០០០ គ្រឿងនឹងត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់ប្រជាជននៅក្នុងខេត្ត ដែលចាំបាច់ក្នុងការធ្វើដំណើរ៕


