ចិន ប្រើពេល 48ម៉ោងដើម្បី បើកដំណើរការមន្ទីពេទ្យ Coronavirus ដំបូងរបស់ខ្លួននៅក្បែរទីក្រុង Wuhan
ចិន បានសម្រេចបើកដំណើរការមន្ទីពេទ្យពិសេសសម្រាប់ជួយសង្គ្រោះអ្នកផ្ទុកមេរោគ Coronavirus ដំបូងបំផុតរបស់ខ្លួននៅក្នុងទីក្រុង Huangzhou ដែលនៅក្បែរនឹងទីក្រុង Wuhan ក្រោយពេលរៀបចំអស់រយៈពេល 48ម៉ោង តាមរយៈការចូលធ្វើការស្មគ្រ័ចិត្ត ពីបណ្តារក្រុមការងារវិស្វករនិងក្រុមគ្រូពេទ្យ ដោយប្រែក្លាយអាគារពេទ្យទទេរនេះ អោយមានសំភារៈគ្រប់គ្រាន់ និងគ្រែអ្នកជំងឺចំនួន 1ពាន់គ្រែ នេះបើតាមការចុះផ្សាយរបស់កាសែត dailymail។

គួរបញ្ជាក់ផងដែរថាមន្ទីពេទ្យខាងលើនេះត្រូវបានសាងសង់រួចជាស្ថាពរ ដែលវាជាសាខាកណ្តាលនៃមន្ទីពេទ្យ Huanggang ក្នុងក្រុង Huangzhou ដោយគ្រោងនឹងបើកដំណើរការនៅខែឧសភា ខាងមុខនេះ។ ប៉ុន្តែដោយសារតែស្ថានភាពបន្ទាន់នៃជំងឺ Coronavirus ទើបរដ្ឋាភិបាលចិន សម្រេចបើកដំណើរអាគារមន្ទីពេទ្យនេះមុនការគ្រោងទុក ដោយបានរៀបចំគ្រែពេទ្យ និងបរិក្ខារពេទ្យផ្សេងៗ បូករួមទាំងអគ្គីសនី ទឹក និងអ៊ីនធើណែត តាមរយៈការចូលរួមស្ម័គ្រចិត្តពីបណ្តារក្រុមការងារវិស្វករ និងក្រុមគ្រូពេទ្យផ្សេងៗ៕


