កីឡា

ជំនួបពិសេសរវាង Arsenal និង Man City ត្រូវលុបចោល ដោយសារកីឡាករក្លឹប Arsenal បានប៉ះពាល់ជាមួយអ្នកឆ្លងវីរុស COVID-19

BY
autoadmin
March 11, 2020

ការប្រកួតក្នុងក្របខណ្ឌ English Premier League រវាងក្លឹបមេឃខៀវ Manchester City ជាមួយក្លឹបកាំភ្លើងធំ Arsenal នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០នេះ ត្រូវបានពន្យាពេល ដោយសារកីឡាករមកពីក្លឹប Arsenal បានប៉ះពាល់ជាមួយអ្នកដែលបានឆ្លងវីរុស COVID-19 ។ អ្នកនាំពាក្យក្លឹប Arsenal បាននិយាយថា កីឡាករនឹងត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ បន្ទាប់ពីបានទាក់ទងជាមួយលោក Evangelos Marinakis ម្ចាស់ក្លឹបក្រិក Olympiakos និងក្លឹបអង់គ្លេស Nottingham Forest ដែលទើបតែត្រូវបានបញ្ជាក់ថាមានភាពវិជ្ជមានជាមួយ COVID-19 ។

សេចក្តីថ្លែងការណ៍របស់ក្រុម Arsenal បាននិយាយថា៖ “យើងកំពុងអនុវត្តយ៉ាងតឹងរឹងនូវគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ដែលបានណែនាំថា អ្នកណាម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលមានផ្ទុកវីរុស គួរតែផ្តាច់ខ្លួនដោយខ្លួនឯងនៅផ្ទះក្នុងរយៈពេល ១៤ថ្ងៃ”។ ជាលទ្ធផលកីឡាកររបស់ក្លឹប Arsenal មិនអាចប្រកួតនៅរាត្រីថ្ងៃពុធ ជាមួយក្លឹប Manchester City នោះទេ ហើយ Premier League បានសម្រេចថា ការប្រកួតគួរតែត្រូវបានពន្យារពេល៕

អត្ថបទ៖ លីដា

Share This Post: