ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៨នាក់ រួមមានទាំងគ្រូពេទ្យ និងអ្នកជំងឺបានស្លាប់ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយ នៅអាកាសយានដ្ឋានម៉ានីល

    BY autoadmin March 30, 2020
    មនុស្ស ៨នាក់ រួមមានទាំងគ្រូពេទ្យ និងអ្នកជំងឺបានស្លាប់ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយ នៅអាកាសយានដ្ឋានម៉ានីល

    យន្ដហោះសម្រាប់ការជម្លៀសមួយបានធ្លាក់ នៅឯអាកាសយានដ្ឋានម៉ានីល ក្នុងប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។ យន្តហោះពាណិជ្ជកម្មប្រភេទ IAI Westwind មួយនេះត្រូវបានរាយការណ៍ថា ត្រូវបានជួលដោយរដ្ឋាភិបាលហ្វ៉ីលីពីន ដើម្បីជម្លៀសអ្នកជំងឺទៅកាន់ទីក្រុងតូក្យូ។ យន្ដហោះលេខ RP-C5880 ត្រូវបានគេគ្រោងហោះចេញពីអាកាសយានដ្ឋានអន្តរជាតិនីណយអាគីណូ (Ninoy Aquino) នៃក្រុងម៉ានីល នៅម៉ោងប្រហែល ៨យប់ថ្ងៃអាទិត្យ។

    មុនពេលហោះចេញពីអាកាសយានដ្ឋាន យន្តហោះបានឆាបឆេះពេលកំពុងនៅលើផ្លូវរត់ ខណៈដែលអណ្តាតភ្លើងបានឆាបឆេះចេញពីគ្រោងរបស់វា។ ក្រុមអ្នកពន្លត់អគ្គិភ័យបានពន្លត់ភ្លើង ប្រើពេលមួយម៉ោងទើបពន្លត់អស់ ប៉ុន្តែគួរឱ្យស្ដាយគ្មានអ្នកដំណើរណាម្នាក់នៅមានជីវិតទេ។ យោងតាមអ្នកយកព័ត៌មានក្នុងស្រុក Dexter Cabalza បានឱ្យដឹងថា យន្ដហោះនេះមានអ្នកដំណើរចំនួន ៨នាក់ ក្នុងនោះមានពេទ្យ ៣នាក់ និងអ្នកជំងឺម្នាក់។ គេមិនទាន់ដឹងថាតើអ្នកជំងឺ ជាអ្នកជំងឺ COVID-19 ឬយ៉ាងណា។

    មុនពេលធ្លាក់យន្តហោះដ៏គួរឱ្យខ្លោចផ្សានេះ យន្តហោះនេះមានតួនាទីដឹកជញ្ជូនការផ្គត់ផ្គង់​វេជ្ជ​សា​ស្រ្ដនៅជុំវិញកោះហ្វីលីពីន និងទៅកាន់ប្រទេសជប៉ុន ថៃ និងកោះតៃវ៉ាន់។ រូបថតមួយសន្លឹកដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលកាលពីដើមសប្តាហ៍នេះ ក៏បានបង្ហាញថាមន្រ្តីសុខាភិបាលកំពុងបញ្ជូនសម្ភារៈវេជ្ជសាស្រ្តដាក់លើយន្តហោះនោះផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ RT

    Share This Post: