រដ្ឋមួយនៅអូស្ដ្រាលីនឹងដាក់ពន្ធនាគារ ៦ខែ, ពិន័យប្រាក់ ១១,០០០ ដុល្លារ សម្រាប់នរណាដែលចាកចេញពីផ្ទះ ដោយគ្មានហេតុផលសមរម្យ
អ្នកនៅរដ្ឋ New South Wales របស់អូស្ដា្រលីឥឡូវនេះ អាចត្រូវគេពិន័យជាប្រាក់ចំនួន ១១,០០០ ដុល្លារ ពីបទចាកចេញពីផ្ទះដោយគ្មានលេសសមហេតុផល បន្ទាប់ពីរដ្ឋនេះមានការរឹតត្បិតថ្មីដែលបានចាប់ផ្តើមចាប់ពីថ្ងៃអង្គារនេះ។ បទបញ្ជាសុខភាពសាធារណៈឥឡូវនេះត្រូវបានអនុវត្ត ដើម្បីអនុវត្តវិធានការណ៍រក្សាគម្លាត ដែលរដ្ឋាភិបាល NSW និយាយថា នឹងដោះស្រាយហានិភ័យសុខភាពសាធារណៈពីវីរុស COVID-19 និងផលវិបាកដែលអាចកើតមាន។

តាមការប្រកាសរបស់រដ្ឋាភិបាល NSW បានឱ្យដឹងថា លេសដែលអាចទទួលយកបានដូចជា៖ ទៅទិញស្បៀងអាហារ ឬទំនិញ និងសេវាកម្មផ្សេងៗ, ធ្វើដំណើរសម្រាប់ការងារឬការអប់រំ ប្រសិនបើមនុស្សនោះមិនអាចធ្វើវានៅផ្ទះ, ធ្វើលំហាត់ប្រាណ និងហេតុផលវេជ្ជសាស្រ្ត ឬហេតុផលបន្ទាន់ណាមួយ។ លើសពីនេះបទបញ្ជាដែលបញ្ជាមិនឱ្យប្រមូលផ្តុំគ្នាជាក្រុមច្រើនជាង ២នាក់ នៅតាមទីសាធារណៈ នឹងមានការលើកលែងរួមមាន៖ ការជួបជុំសមាជិកគ្រួសារតែមួយ និងការប្រមូលផ្តុំចាំបាច់សម្រាប់ការងារ ឬការអប់រំ។
ការពិន័យចំពោះបុគ្គលណាដែលល្មើសនឹងបទបញ្ជានេះ គឺជាប់ពន្ធនាគាររយៈពេល ៦ខែ ឬពិន័យជាប្រាក់រហូតដល់ ១១,០០០ ដុល្លារ (ឬទាំងពីរ) បូករួមនឹងការពិន័យ ៥,៥០០ដុល្លារ បន្ថែមរាល់ថ្ងៃបើបទល្មើសនៅតែបន្ត។ ក្រុមហ៊ុនដែលខកខានមិនបានអនុវត្តតាមទិសដៅ ទទួលខុសត្រូវចំពោះការពិន័យ ៥៥,០០០ដុល្លារ និង ២៧,៥០០ ដុល្លារ បន្ថែមរាល់ថ្ងៃបើបទល្មើសនៅតែបន្ត៕


អត្ថបទ៖ លីដា
ប្រភព៖ Sydney Morning Herald