អ្នកទោសថៃរាប់ពាន់នាក់នាំគ្នាធ្វើកុបកម្មដុតមន្ទីរឃុំឃាំង ព្រោះពួកគេខ្លាចមានករណីចម្លងមេរោគកូវីដ ១៩
ថៃ៖ អ្នកទោសថៃរាប់ពាន់នាក់បាននាំគ្នាធ្វើកុបកម្មទ្រង់ទ្រាយធំមួយបង្កឲ្យមានភាពចលាចលពេញមន្ទីរឃុំឃាង ក្រោយពួកគេមានភាពភ័យខ្លាចមានករណីចម្លងមេរោគមេរោគកូវីដ ១៩ នៅក្នុងគុក។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងពន្ធនាគារក្នុងខេត្តបូរីរ៉ាំ ភាគឦសាននៃប្រទេសថៃ។ បើតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក សំសាក់ ថេបស៊ូទីន (Somsak Thepsutin) បានឲ្យដឹងថា ពន្ធនាគារខាងលើនេះមានផ្ទុកអ្នកទោសស្រីប្រុសប្រមាណជា ២ ០០០ នាក់ហើយមូលហេតុដែលជំរុញឲ្យមានការធ្វើកុបកម្មក៏ព្រោះតែមានពាក្យចចាមអារ៉ាមថា មានអ្នកទោសម្នាក់បានឆ្លងមេរោគកូវីដ ១៩។

ក្នុងអំឡុងពេលធ្វើកុបកម្មនោះក្រុមអ្នកទោសបាននាំគ្នាដុតបំផ្លាញសាលសម្រាប់ញ៉ាំអាហារ វាយកម្ទេចបន្ទប់ទទួលសាច់ញាតិដែលមកសួរសុខទុកអ្នកទោស និងដុតបំផ្លាញសម្ភារៈជាច្រើនទៀត។ ជាងនេះទៅទៀតក៏មានដែរអ្នកទោសមួយចំនួនបានរត់គេចខ្លួន អ្នកខ្លះត្រូវប៉ូលិសវាយឲ្យរងរបួស ខណៈអ្នកទោសទាំងអស់ត្រូវប្តូរទៅដាក់នៅពន្ធនាគារផ្សេងទៀតក្រោយកើតមានហេតុការណ៍ដូចខាងលើនេះ។ គួរជម្រាបជូនថា គិតមកទល់នឹងពេលនេះថៃមានករណីអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ១ ៥២៤ ករណី និងស្លាប់ ៩ ករណីផងដែរ៕

អត្ថបទ៖ ភក្តី