អ្នកស្រាវជ្រាវបានអះអាងថា ពួកគេប្រហែលជារកឃើញ កូវីដ-១៩ ប្រភេទថ្មី ដែលបានធ្វើឱ្យអ្នកជំងឺឈឺរហូតដល់ទៅ ៤៩ថ្ងៃ
ក្រុមអ្នកស្រាវជ្រាវចិនបានអះអាងថា ពួកគេប្រហែលជាបានរកឃើញប្រភេទមេរោគកូរ៉ូណាដែលផ្លាស់ប្តូរហ្សែនខ្លួនឯង ហើយមានសមត្ថភាពអូសបន្លាយពេលវេលាឆ្លងលើអ្នកជំងឺ។ ក្រុមអ្នកជំនាញបានរកឃើញថា មានករណីមិនធម្មតាមួយលើបុរសវ័យកណ្តាលម្នាក់ ដែលឆ្លង COVID-19 ហើយឆ្លងក្នុងរយៈពេល ៤៩ថ្ងៃឯណោះ។ ទោះយ៉ាងណារោគសញ្ញារបស់បុរសមានសភាពស្រាល ហើយក្រុមអ្នកស្រាវជ្រាវបាននិយាយថា គាត់ហាក់ដូចជាមានភាពស្រុះគ្នាយ៉ាងចម្លែកជាមួយវីរុសទៀតផង។ ករណីនេះវាបង្ហាញថា អ្នកជំងឺអាចចម្លងវីរុសទៅមនុស្សផ្សេងបានជាច្រើនសប្ដាហ៍ ដោយគ្មានចេញរោគសញ្ញា។

វាកាន់តែចម្លែកទៀតនៅត្រង់ថា អ្នកជំងឺនេះត្រូវការបញ្ជូលឈាមអ្នកដែលជាពីវីរុសមុនៗ ដើម្បីអាចឱ្យគាត់បានជាពីវីរុសដែរ។ ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា នៅលើគេហទំព័រ medRxiv ដែលជាកន្លែងបោះពុម្ពផ្សាយសម្រាប់ឯកសារវេជ្ជសាស្ត្រវិទ្យាសាស្ត្រ។ វាមានន័យថាវាមិនទាន់ត្រូវបានពិនិត្យដោយអ្នកវិទ្យាសាស្ត្រដទៃទៀតនៅឡើយទេ។
បុរសជនជាតិចិនដែលមិនត្រូវបានគេប្រាប់ឈ្មោះរូបនេះ បានទៅមន្ទីរពេទ្យមួយក្នុងទីក្រុង Wuhan ដើម្បីធ្វើតេស្តរករីរុស COVID-19 (SARS-CoV-2) កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។ គាត់បាននិយាយថា គាត់បានក្តៅខ្លួន (ជួនក្ដៅជួនអត់) ប្រហែលមួយសប្តាហ៍ ប៉ុន្តែមិនមានរោគសញ្ញាដូចជាក្អកអ្វីនោះទេ។ ការធ្វើតេស្តរកមើល COVID-19 របស់គាត់បានបង្ហាញពីភាពវិជ្ជមាននៅថ្ងៃទី ១៧, ២២, ២៦, ៣០, ៣៤, ៣៩, ៤៣ និង ៤៩ ប៉ុន្តែគាត់បានតេស្ដអវិជ្ជមាននៅថ្ងៃទី៤៧។
នេះបង្ហាញថាក្នុងរយៈពេល ៤៩ថ្ងៃនេះ អ្នកជំងឺអាចចម្លងវីរុសទៅអ្នកផ្សេងបាន។ ការស្រាវជ្រាវពីមុនក៏បានបង្ហាញថា វីរុសជាមធ្យមប្រើរយៈពេល ២០ថ្ងៃ ដើម្បីឱ្យអ្នកជំងឺត្រឡប់មកជាអវិជ្ជមានវិញ បូករួមទាំងករណីដែលវែងបំផុតត្រូវបានគេរាយការណ៍គឺ ៣៧ថ្ងៃ។ ហើយរយៈពេលនៃការជាពីជំងឺយូរប៉ុនណា បានន័យថាអ្នកជំងឺគឺមានស្ថានភាពធ្ងន់ធ្ងរប៉ុននោះដែរ។ ចម្លែកអីតែបុរសម្នាក់នេះ គ្មានរោគសញ្ញា មានស្ថានភាពស្រាល ប៉ុន្តែជំងឺគឺមានយូររ៉ាំរ៉ៃមិនងាយជា។
រឿងមួយដែលគួរឱ្យចាប់អារម្មណ៍មួយទៀតគឺ បុរសនេះមានញាតិម្នាកទៀតដែលបានឆ្លងវីរុសក្នុងកម្រិតមធ្យម។ អ្នកជំងឺគឺជាស្រ្តីវ័យចំណាស់ ហើយមានជំងឺប្រចាំកាយផងដែរ ប៉ុន្តែបែរជាធូរសះស្បើយពីជំងឺលឿនជាងគាត់ទៅវិញ។ នេះវាបានជម្រុញឱ្យអ្នកស្រាវជ្រាវទាំងនោះជឿថា វីរុស COVID-19 អាចមាន ២ប្រភេទ (sub-type) គឺ L និង S ។ ដោយ L គឺមានច្រើនលើសលុប ដែលមានប្រហែលជា ៧០% លើអ្នកជំងឺទាំងអស់ ហើយទំនងជារាលដាលជាងប្រភេទ S ដែលជាប្រភេទស្រាល ប៉ុន្តែរ៉ាំរ៉ៃមិនងាយជា។
ប៉ុន្តែយ៉ាងណាអ្នកស្រាវជ្រាវបាននិយាយថា ពួកគេមិនអាចសន្និដ្ឋានថាវីរុសដែលទាក់ទងនឹងករណីទី១ ជាប្រភេទ S ដែលបំប្លែងខ្លួនពីប្រភេទ L ឬប្រភេទ sub-type អ្វីថ្មីទេ។ ប៉ុន្តែពួកគេបានព្រមានពីអ្នកជំងឺរ៉ាំរ៉ៃ ដែលមិនចេញរោគសញ្ញា ហើយអាចប្រហែសចម្លងទៅអ្នកដទៃបាន ដែលវានឹងបង្កើតទៅជាការផ្ទុះរាលដាលថ្មីមួយ៕


អត្ថបទ៖ លីដា
ប្រភព៖ Daily Mail, SCMP