ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងអះអាងថា ប្រទេសខ្លួនគ្មានករណីអ្នកឆ្លងមេរោគកូវីដ ១៩ សូម្បីតែម្នាក់

    BY autoadmin April 4, 2020
    កូរ៉េខាងជើងអះអាងថា ប្រទេសខ្លួនគ្មានករណីអ្នកឆ្លងមេរោគកូវីដ ១៩ សូម្បីតែម្នាក់

    កូរ៉េខាងជើង៖ ខណៈដែលមេរោគកូវីដ ១៩ បានរីករាលដាលស្ទើរតែពេញពិភពលោកទៅហើយនោះ កូរ៉េខាងជើងនៅតែអះអាងថា ប្រទេសខ្លួនគ្មានករណីអ្នកឆ្លងមេរោគនេះទាល់តែសោះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា ការអះអាងដូចខាងលើនេះត្រូវបានធ្វើឡើងតាមរយៈលោក Pak Myong Su ដែលជាប្រធាននាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លងប្រចាំនៅក្នុងក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើង។ នៅក្នុងសន្និសិទ្ធសារព័ត៌មានផ្លូវការមួយដែលបានរៀបចំឡើងនៅក្នុងទីក្រុងព្យុងយ៉ាង លោក Pak Myong Su បាននិយាយច្បាស់ៗថា “គិតមកទល់នឹងពេលនេះកូរ៉េខាងជើងគ្មានអ្នកឆ្លងមេរោគកូវីដ ១៩ សូម្បីតែម្នាក់”។

    លោក Pak Myong Su បានបន្តថា កូរ៉េខាងជើងបានដាក់ចេញនូវវិធានការដាច់ខាតជាច្រើន ដើម្បីទប់ស្កាត់មេរោគកូវីដ ១៩ ដូចជាបិទព្រំដែនជើងទឹក ជើងអាកាស ហើយចំពោះអ្នកដំណើរណាដែលចាំបាច់ត្រូវចូលក្នុងប្រទេសកូរ៉េខាងជើងនឹងត្រូវពិនិត្យសុខភាពយ៉ាងល្អិតល្អន់ ហើយសម្រាប់អ្នកណាម្នាក់ដែលត្រូវបាកគេសង្ស័យថាមានមេរោគនឹងមិនត្រូវអនុញ្ញាតឲ្យចូលក្នុងប្រទេសឡើយ ដូចនេះហើយទើបកូរ៉េខាងជើងគ្មានករណីអ្នកឆ្លងមេរោគកូវីដ ១៩។​ សូមរម្លឹកជូនថា កូរ៉េខាងជើងហាក់គ្មានការខ្វល់ខ្វាយជាមួយនឹងមេរោគកូវីដ ១៩សោះឡើយ ហើយកាលពីខែមុននេះកូរ៉េខាងជើងបានបន្តបាញ់មីស៊ីលជាធម្មតាដូចគ្មានរឿងអីកើតឡើងអីចឹង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: