ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មួយគ្រួសារទាំងឪពុក ទាំងម្តាយ និងកូន ១១ នាក់ទៀតឆ្លងមេរោគកូវីដ ១៩ ទាំងអស់គ្នា

    BY autoadmin April 6, 2020
    មួយគ្រួសារទាំងឪពុក ទាំងម្តាយ និងកូន ១១ នាក់ទៀតឆ្លងមេរោគកូវីដ ១៩ ទាំងអស់គ្នា

    អេស្ប៉ាញ៖ សារព័ត៌មាន dailymail បានចុះផ្សាយពីករណីកម្រមួយនៃជនរងដោយជំងឺកូវីដ ១៩ គឺមានគ្រួសារមួយ ទាំងឪពុកម្តាយ និងកូនរហូតដល់ ១១ នាក់ ត្រូវបានឆ្លងវីរុសនេះទាំងអស់ ហើយបច្ចុប្បន្នគ្រួសារមួយនេះត្រូវបានអាជ្ញាធរសុខាភិបាលសម្រេចដាក់ឲ្យនៅដាច់ដោយឡែកជុំគ្នាមួយគ្រួសារនេះតែម្តង។ ករណីនេះបានកើតឡើងចំពោះគ្រួសារដ៏ធំមួយ ដែលកំពុងរស់នៅក្នុងក្រុង Valladolid  ប្រទេសអេស្ប៉ាញ។ ប្រភពព័ត៌មានបានបញ្ជាក់ផងដែរថា ស្ត្រីជាម្តាយឈ្មោះ Irene Gervas គឺជាសមាជិកគ្រួសារដំបូងគេ ដែលធ្វើតេស្តវិជ្ជមានជាមួយវីរុសកូវីដ១៩។

    លោក Jose Maria Cebrian ដែលជាឪពុកនិងមេគ្រួសារមួយនេះបានឲ្យដឹងថា កូនៗទាំង ១១ នាក់របស់គាត់មានអាយុពី ១ ដល់ ១៥ ឆ្នាំ (កូនខ្លះជាកូនភ្លោះ) ហើយពួកគេបានឆ្លងមេរោគជាបន្តបន្ទាប់គ្នា ដោយបង្ហាញអាការៈនៅថ្ងៃដំបូងមានដូចជាឈឺក្បាល និងក្អួតចង្អោរជាដើម។ វាគឺជារឿងគួរឲ្យសោកស្តាយបំផុតមួយ ដែលគ្រួសារទាំងមូលសុទ្ធតែបានឆ្លងមេរោគជាបន្តបន្ទាប់គ្នាដូចនេះ និងត្រូវដាក់ឲ្យនៅដាច់ដោយឡែកទាំងគ្រួសារតែម្តង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ អេស៉្បាញមានអ្នកឆ្លងជំងឺកូវីដ១៩សរុបជាង ១៣០,០០០នាក់ និងស្លាប់ជាង ១២,០០០នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post: