អាជ្ញាធរថៃព្រមានចាត់វិធានការចំពោះមន្ទីរពេទ្យឯកជន ដែលហ៊ានគិតថ្លៃសេវាពិនិត្យ និងព្យាបាលពីអ្នកជំងឺកូវីដ ១៩
ថៃ៖ អាជ្ញាធរថៃបានព្រមានជាថ្មីម្តងទៀតចំពោះគ្រប់មន្ទីរពេទ្យឯកជនទាំងអស់មិនឲ្យគិតថ្លៃសេវាពិនិត្យរកមេរោគ ឬព្យាបាលអ្នកជំងឺកូវីដ ១៩ ដោយផ្ទាល់ ឬគិតលុយពីក្រុមគ្រួសាររបស់ជនរងគ្រោះឡើយ តែត្រូវរក្សាទុកវិក័យប័ត្រដើម្បីធ្វើការទូទាត់ជាមួយភ្នាក់ងាររបស់រដ្ឋាភិបាល។ សេចក្តីព្រមាននេះត្រូវបានធ្វើឡើងតាមរយៈគេហទំព័ររដ្ឋាភិបាលថៃដែលមានឈ្មោះថា Thai Khu Fa ហើយការព្រមានបានធ្វើឡើងក្រោយមានប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា មានករណីមន្ទីរពេទ្យឯកជនគិតលុយដោយផ្ទាល់ពីអ្នកជំងឺកូវីដ ១៩ ក្នុងតម្លៃខ្ពស់ពីការកំណត់របស់អាជ្ញាធរសុខាភិបាលថៃទៅទៀត។

បើតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ថៃធ្លាប់បានបញ្ជាក់ម្ដងរួចហើយថា ប្រជាពលរដ្ឋណាដែលសង្ស័យថាខ្លួនបានឆ្លងមេរោគកូវីដ ១៩ អាចទៅធ្វើតេស្តនៅមន្ទីរពេទ្យណាមួយដែលនៅជិតខ្លួនបំផុតដោយមិនគិតថ្លៃ។ សម្រាប់មន្ទីរពេទ្យឯកជនវិញក៏មិនត្រូវគិតសេវាពីជនរងគ្រោះដែរ តែត្រូវទទួលព្យាបាលជាធម្មតាបន្ទាប់មករៀបចំបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យរដ្ឋក្នុងរយៈពេលយ៉ាងយូរ ៣ ថ្ងៃ ខណៈការចំណាយផ្សេងៗរដ្ឋាភិបាលនឹងទូទាត់ជូនវិញទាំងអស់។ យ៉ាងណាក្តី មន្ទីរពេទ្យឯកជនមួយចំនួននៅតែឆ្លៀតឱកាសគិតលុយពីជនរងគ្រោះ ទើបរដ្ឋាភិបាលសម្រេចចេញសេចក្តីណែនាំជាថ្មី និងព្រមានចាត់វិធានខ្លាំងៗតែម្តងចំពោះមន្ទីរពេទ្យទាំងនោះ មានដូចជាការផាកពិន័យ ឬសម្រេចបិទមន្ទីរពេទ្យទាំងស្រុងតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost