ញាក់សាច់! អគ្គិភ័យមួយនៅអាមេរិកឆាប់ឆេះរថយន្តអស់ជាង ៣,៥០០គ្រឿង សំណាងមិនមានអ្នករងរបួស
អាមេរិក៖ មន្ត្រីនាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា អគ្គិភ័យមួយបានរាលដាលពាសពេញវាលស្មៅនៃអាកាសយានដ្ឋានអន្តរជាតិ Southwest Florida របស់ទីក្រុង Fort Myers និងបានបំផ្លាញរថយន្តជួលរាប់ពាន់គ្រឿង។ អគ្គិភ័យនេះបានចាប់ផ្តើមនៅថ្ងៃសុក្រ និងបានដុតបំផ្លាញអស់ផ្ទៃដី ១៥ហិចតា ហើយដើមឡើយឆេះតែរថយន្ត ២០គ្រឿងប៉ុណ្ណោះ នៅក្នុងតំបន់ជួលរថយន្ត ប៉ុន្តែអណ្តាតភ្លើងបានបំផ្លាញរថយន្តជួលជាង ៣,៥០០គ្រឿង ទម្រាំតែអគ្គិភ័យបានរលត់អស់។

អគ្គិភ័យនេះត្រូវបានគ្រប់គ្រង និងរលត់អស់នៅថ្ងៃសៅរ៍ ខណៈដែលក្រុមបុគ្គលិកបានធ្វើការពេញមួយយប់ថ្ងៃសុក្រ ដោយព្យាយាមគ្រប់គ្រងស្ថានការណ៍ដើម្បីធានាថា វាមិនបន្តរាលដាល ឬបណ្តាលឱ្យខូចខាតជាបន្តទៀត។ ព្រៃស្ដុកនៅជុំវិញតំបន់នោះ បានបន្ថែមការឆាបឆេះ និងជួយឱ្យឆាប់រាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែមិនមានរចនាសម្ព័ន្ធណាមួយនៅអាកាសយានដ្ឋានត្រូវបានប៉ះពាល់ឡើយ ហើយក៏មិនមានរបាយការណ៍ស្តីពីការរងរបួសទេ ខណៈមូលហេតុនៃអគ្គិភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេត៕

The Car fire is now 5 to 6 acres in woods and 10% contained. 100 cars also involved. Florida Forest Service and multiple Lee County Fire units on scene. #LeeCounty pic.twitter.com/s1dshLcSCO
— FFS Caloosahatchee (@FFS_cafc) April 3, 2020
អត្ថបទ៖ លីដា
ប្រភព៖ CNN