គ្រូពេទ្យជួរមុខ៣នាក់នៅអង់គ្លេសបានឆ្លងវីរុសកូវីដ១៩ ដោយសារខ្វះឈុតការពារខ្លួន ហើយបង្ខំចិត្តយកថង់ដាក់សំរាមមកពាក់ជំនួស
គិលានុបដ្ឋាយិកាចំនួន ៣នាក់ ដែលត្រូវបានបង្ខំឱ្យពាក់ថង់សំរាមនៅលើក្បាល និងជើងរបស់ពួកគេ ដោយសារខ្វះខាតឈុតការពារ (PPE) កាលពីខែមុន ពេលនេះបានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 ។ កាលនោះរូបថតរបស់គិលានុបដ្ឋាយិកាទាំងនោះ ត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅក្នុងខែមីនា ដោយសារកង្វះ PPE នាំឱ្យបុគ្គលិកមន្ទីរពេទ្យបង្កើតវិធីដើម្បីការពារខ្លួនពួកគេ ដោយពាក់ថង់សំរាមទាំងនោះ។

សារព័ត៌មាន The Telegraph បានរាយការណ៍ថា បុគ្គលិកជួរមុខមានការព្រួយបារម្ភថាពួកគេអាចឆ្លងវីរុសពីអ្នកជំងឺ ពីព្រោះមេរបស់ពួកគេមិនបានផ្តល់ឱ្យពួកគេនូវរម៉ាស់ មួក និងឈុតការពារត្រឹមត្រូវនោះទេ។ គិលានុបដ្ឋាយិកាទាំង ៣ ត្រូវបានគេដឹងថា ធ្វើការនៅមន្ទីរពេទ្យ Northwick Park ក្នុងទីក្រុង Harrow ដែលកាលពីខែមុន ហើយពួកគេត្រូវបានបង្ខំឱ្យពាក់បែបនោះ ដោយសារការខ្វះខាតសម្ភារការពារ ខណៈទីក្រុងប្រឈមនូវការកើនឡើងខ្ពស់ពីការឆ្លងវីរុស។
យោងតាមប្រភពជាន់ខ្ពស់មួយនៅឯ Northwick Park បានឱ្យដឹងថា គិលានុបដ្ឋាយិកាទាំង ៣រូប ដែលពាក់ថង់ទាំងនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកវីរុស COVID-19 នៅឯមជ្ឈមណ្ឌលសាកល្បងខាងជើងទីក្រុងឡុង កាលពីសប្តាហ៍មុននេះ៕



អត្ថបទ៖ លីដា
ប្រភព៖ Telegraph