ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែបើកទ្វារវិញភ្លាម​ អ្នកនៅទីក្រុងវូហានរាប់ម៉ឺននាក់ បានចាកចេញពីទីក្រុងភ្លែត

    BY autoadmin April 9, 2020
    គ្រាន់តែបើកទ្វារវិញភ្លាម​ អ្នកនៅទីក្រុងវូហានរាប់ម៉ឺននាក់ បានចាកចេញពីទីក្រុងភ្លែត

    មនុស្សរាប់ម៉ឺននាក់បានចាកចេញពីទីក្រុងវូហាន ទាំងតាមផ្លូវដែក និងអាកាសកាលពីម្សិលមិញ ដែលវាជាថ្ងៃដំបូងនៃការដឹកជញ្ជូនធំៗបានបើកដំណើរការឡើងវិញ បន្ទាប់ពីការបិទទ្វារទីក្រុងរយៈពេល ៧៦ថ្ងៃ ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុស COVID-19។ ទីក្រុងដែលជាជម្រកនៃមនុស្សចំនួន ១១ លាននាក់មួយនេះ ត្រូវបានបិទទ្វារមិនឱ្យនរណាចាកចេញពីទីក្រុង ចាប់តាំងនៅថ្ងៃទី ២៣ ខែមករា បន្ទាប់ពីវីរុស COVID-19 បានផ្ទុះឡើងដំបូងនៅទីនោះ ចាប់តាំងពីចុងឆ្នាំ២០១៩។

    រំលឹកដែរថា វីរុសនេះបានបង្កការឆ្លងជិត ៨២,០០០នាក់ និងមនុស្សចំនួន ៣,៣៣១នាក់ បានស្លាប់នៅក្នុងប្រទេសចិន ហើយករណីភាគច្រើនគឺនៅក្នុងទីក្រុងវូហានផ្ទាល់តែម្ដង។

    ក្រុមមន្ត្រីបាននិយាយថា មានមនុស្សប្រមាណ ៥៥,០០០នាក់ ត្រូវបានចាកចេញពីទីក្រុង ដោយតាមផ្លូវដែកកាលពីម្សិលមិញ ដែលពួកគេភាគច្រើនបានត្រឡប់ទៅធ្វើការនៅកន្លែងផ្សេងទៀតនៅទូទាំងប្រទេសចិន។ មនុស្សប្រហែល ២១,០០០នាក់ ក៏ចាកចេញពីហាន់គូ ដែលជាស្ថានីយ៍រថភ្លើងចំណាស់ជាងគេបំផុតរបស់ទីក្រុង ដែលមានចម្ងាយមិនប៉ុន្មានពីផ្សារលក់គ្រឿងសមុទ្រហួណាន ដែលជាចំណុចផ្ទុះឡើងដំបូងនៃវិរុសកូរ៉ូណា។

    ការដឹកជញ្ចូនសាធារណៈបានដំណើរការអស់មួយរយៈហើយ ប៉ុន្តែវាតម្រូវឱ្យអ្នកដំណើរមាន «លេខកូដសុខភាព» ពណ៌បៃតង ទើបអាចត្រូវបានអនុញ្ញាតឱ្យឡើងជិះមធ្យោបាយដឹកជញ្ជូនបាន។ វាគឺជាកម្មវិធីទូរស័ព្ទដែលតាមដានសកម្មភាព និងសីតុណ្ហភាពរបស់មនុស្សម្នាក់ៗ ដើម្បីជាភស្តុតាងថាពួកគេមានសុខភាពធម្មតា។ ចំណែកខាងព្រលានយន្តហោះវិញក៏មមាញឹកដែរ ដោយត្រឹមថ្ងៃដំបូងនៃការបើកទ្វារ ពួកគេទទួលបានអ្នកដំណើរ ១១,៨៥៥នាក់ ខណៈថ្ងៃធម្មតាដែលមិនទាន់ត្រូវវីរុសរាតត្បាតទីក្រុងនេះមានអ្នកដំណើរតាមយន្ដហោះប្រហែល ៨០,០០០នាក់។

    យ៉ាងណាក៏ដោយថ្វីបើនៅតាមកន្លែងសេវាដឹកជញ្ជូន និងផ្សារទំនើបអាចនឹងមានការស្គែនកូដ ប៉ុន្តែនៅតាមកន្លែងកម្សាន្តមិនទាន់អាចបើកឱ្យលេងកម្សាន្ត ឬហាងអាហារនឹងមិនបើកឱ្យអង្គុយហូបអាហារនោះទេ អាចបានត្រឹមខ្ចប់ទៅផ្ទះប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Straits Times

    Share This Post: