អ្នកស្រុកបាងកកសម្រុកទិញស្រាយកមកស្ដុកទុក ព្រោះចាប់ពីថ្ងៃនេះតទៅនឹងលែងមានការលក់គ្រឿងស្រវឹងរយៈពេល ១០ថ្ងៃ
ថៃ៖ បន្ទាប់ពីលោកវរសេនីយ៍ទោ Pongsakorn Kwanmuang អ្នកនាំពាក្យសន្និសីទក្រុងបាងកកបានប្រកាសថា តំបន់ទីក្រុងបាងកកនឹងត្រូវបញ្ឈប់ការលក់ស្រានៅតាមហាងនានា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 ។ គេបានឃើញថា កាលពីល្ងាចម្សិលមិញ ថ្ងៃទី០៩ ខែមេសា អ្នកស្រុកបាននាំគ្នាសម្រុកទិញស្រាមកស្តុកទុក ដើម្បីបម្រុងទុកសម្រាប់ ១០ថ្ងៃ នៃបំរាមនេះ។

ជាក់ស្ដែងដូចនៅតំបន់លក់គ្រឿងស្រវឹងនៅតំបន់ Bang Na ដែលចាប់ពីម៉ោង ៥ល្ងាច គឺជាពេលវេលាសម្រាប់លក់ភេសជ្ជៈ ហើយគេឃើញថាមានអ្នកខ្លះបានទិញភេសជ្ជៈជាច្រើនមុខជាបណ្តើរៗពីផ្សារទំនើបនៅទីនោះ។ មិនតែប៉ុណ្ណោះអ្នកលក់ទាំងនោះក៏បានបន្ថយតម្លៃផងដែរ ដែលធ្វើឱ្យស្រាត្រូវលក់អស់បណ្ដើរៗពីម៉ោង៥ទៅហើយ។ បំរាមនេះគឺមានបំណងដើម្បីកុំឱ្យមានការផឹកស្រាសប្បាយភ្លេចខ្លួន នាអំឡុងពេលសង្គ្រាន្តខាងមុខ ហើយក៏ដើម្បីបន្ថយការរាយដាលពីវីរុស COVID-19 ផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ innnews, Thairesidents