ប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រកាសថា ចំនួនអ្នកស្លាប់ដោយសារ កូវីដ-១៩ នៅសហរដ្ឋអាមេរិកនឹងស្ថិតក្រោម ១០០,០០០នាក់
តាមការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍ NHK បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថាចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 ក្នុងប្រទេសរបស់លោកនឹងស្ថិតក្រោមចំនួន ១០០,០០០នាក់។ ទោះបីរដ្ឋបាលរបស់លោក ត្រាំ បានណែនាំកាលពីសប្តាហ៍មុនថា ប្រជាជនពី ១០០,០០០ ទៅ ២៤០,០០០នាក់ នៅសហរដ្ឋអាមេរិកអាចស្លាប់ដោយសារវីរុសនេះក៏ដោយ។

លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា ចំនួនករណីថ្មីនៅទូទាំងប្រទេសកំពុងមានស្ថេរភាពដែលបង្ហាញថា សហរដ្ឋអាមេរិកជិតដល់កម្រិតកំពូលនៃការឆ្លងនេះហើយ។ លោកបាននិយាយថា ស្ថានភាពនៅក្នុងរដ្ឋដូចជា Michigan និងរដ្ឋ Louisiana កំពុងមានស្ថេរភាព។ លោកបាននិយាយថា យុទ្ធសាស្ត្ររដ្ឋបាលរបស់លោកក្នុងការទប់ស្កាត់វីរុសបាននិងកំពុងទទួលបានលទ្ធផល។
ប៉ុន្តែយ៉ាងណាលោកបណ្ឌិត Anthony Fauci ទីប្រឹក្សាសេតវិមានស្តីពីការផ្ទុះឡើងនៃជំងឺនេះបានព្រមានថា៖ «នេះមិនមែនជាពេលវេលាដើម្បីដកថយវិញទេ» ចំពោះការរឹតបន្តឹងដូចជាការស្នាក់នៅក្នុងផ្ទះ។ លោកបានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជន ដើម្បីបន្តអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល៕

អត្ថបទ៖ លីដា
ប្រភព៖ NHK