ភ្នំភ្លើង Anak Krakatau របស់ឥណ្ឌូនេស៉ី ដែលធ្លាប់បង្ករលកយក្សស៊ូណាមីកាលពីឆ្នាំ២០១៨ បានផ្ទុះឡើងសារជាថ្មី
បើតាមការចុះផ្សាយរបស់ហ្សាការតាប៉ុស្ដិ៍ នាថ្ងៃសៅរ៍ ទី១១ ខែមេសា បាននិយាយថា ភ្នំភ្លើង Anak Krakatau (កូនភ្នំ Krakatau) នៅខេត្ត Lampung ប្រទេសឥណ្ឌូនេស៉ី បានផ្ទុះឡើងកាលពីថ្ងៃសុក្រ ដោយធ្វើឱ្យមានផេះ និងផ្សែងបាញ់ឡើងលើកម្ពស់ ២០០ម៉ែត្រ។ មជ្ឈមណ្ឌលសកម្មភាពភ្នំភ្លើង និងកាត់បន្ថយគ្រោះមហន្តរាយភូមិសាស្ត្រ (PVMBG) បាននិយាយថា ការផ្ទុះដំបូងមានរយៈពេលមួយនាទី និង ១២វិនាទី ដោយចាប់ផ្តើមនៅម៉ោង ៩ និង ៥៨ នាទីយប់ ហើយបានបាញ់ផេះ និងផ្សែង ២០០ម៉ែត្រ។

ចំណែកការផ្ទុះឡើងលើកទី២ គឹនៅម៉ោង ១០ និង ៣៥ នាទីយប់ ដោយមានរយៈពេល ៣៨នាទី និង ៤វិនាទី ហើយបាញ់ផេះនិងផ្សែងចម្ងាយ ៥០០ម៉ែត្រ ទៅលើមេឃ។ អ្នកនៅហ្សាការតាបាននិយាយថា ពួកគេបានឮសំឡេងភ្នំភ្លើង Anak Krakatau ផ្ទុះឡើង បន្ទាប់ពីទទួលបានដំណឹង ប៉ុន្តែខាងប៉ុស្តិ៍សង្កេតការណ៍នៅ Lampung មិនបានឮអ្វីនោះទេ។ តែយ៉ាងណានេះក៏ប្រហែលជានៅហ្សាការតាមានបំរាមហាមចេញក្រៅ ដូច្នេះទីក្រុងមិនមានសំឡេងរំខាននោះទេ ទើបបានជាពួកគេអាចឮសំឡេងច្បាស់ជាងអ្នកដែលនៅ Lampung ផ្ទាល់។
រំលឹកដែរថា ភ្នំភ្លើង Anak Krakatau ធ្លាប់បានចុងក្រោយកាលពីខែធ្នូ នៅពេលដែលភ្នំភ្លើងបានផ្ទុះបាញ់ផេះឡើងលើ ២០០ម៉ែត្រ។ ហើយកាលពីឆ្នាំ២០១៨ ការផ្ទុះមួយក៏បានបង្កជាការបាក់ដី ដែលនាំឱ្យមានរលកយក្សស៊ូណាមិ សម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣០នាក់។ សោកនាដកម្មធំបំផុតរបស់ Krakatau គឺនៅឆ្នាំ១៨៨៣ នៅពេលដែលការផ្ទុះបានសម្លាប់មនុស្សជាង ៣៦,០០០នាក់។ ប៉ុន្តែយ៉ាងណាការផ្ទុះលើកនេះត្រូវបានគេនិយាយថា មានភាពស្រាលជាងមុន ហើយក៏មិនមានសញ្ញារលកយក្សនោះដែរ៕


Erupsi Gunung Krakatau #Erupsi #GunungApi #Krakatau pic.twitter.com/1NMgx6SwSw
— BNPB Indonesia (@BNPB_Indonesia) April 10, 2020
អត្ថបទ៖ លីដា
ប្រភព៖ ហ្សាការតាប៉ុស្ដិ៍