រថយន្ត

អ្នកចូលជិះឡាន រហូតលោតសាំងអក្សរ E គួរមើលប៉ុន្មានចំនុចនេះ ចៀសវាងខូចឡានអស់លុយច្រើន

BY
Khmernote Media
April 26, 2018

យោងតាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យឃើញថា ក្នុងមួយឆ្នាំមានម្ចាស់រថយន្ដជាង 827,000នាក់ ដែលតែងតែមិនខ្វល់ពីភ្លើងសញ្ញាប្រកាសអាសន្ននៅពេលសាំងសល់តិច រឺជិតអស់សាំងដែលជាហេតុនាំឲ្យរថយន្ដរបស់ពួកគេខ្សោយគុណភាព រឺពេលខ្លះឈានដល់ខូចទៀតផង។

តាមរយៈការសាកសួរមតិរបស់អ្នកដែលជាម្ចាស់រថយន្ដ បានទទួលលទ្ធផលថា រាល់ពេលដែលភ្លើងសញ្ញាសាំងលោត ពួកគេអាចបន្ដដំណើរបានដល់ជាង 40ម៉ាយ (64គីឡូម៉ែត្រ) ទៀតឯណោះ។ ដូចនេះ ពួកគេមិនខ្វល់ឡើយ ពោលគឺនៅតែធ្វើដំណើរដើម្បីស្វែងរកហ្ការាសសាំងណាដែលមានតម្លៃធូរថ្លៃ ទើបចូលចាក់សាំង។

ទាក់ទងទៅនឹងករណីនេះ យើងសូមជម្រាបអ្នកដែលជាម្ចាស់រថយន្ដទាំងអស់ឲ្យបានយល់ថា នេះមិនមែនជារឿងតូចតាច រឺលេងសើចឡើយ ព្រោះការជិះរថយន្ដរហូតដល់សល់សាំងតិច រឺអស់គឺអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរបាន។ សម្រាប់រថយន្ដទំនើបមួយចំនួន គឺមានមុខងារប្រាប់ពីចម្ងាយផ្លូវដែលអ្នកអាចបន្ដដំណើរបាន ពេលសាំងសល់តិច ប៉ុន្ដែត្រូវចាំថា ការវាយតម្លៃនោះមិនត្រឹមត្រូវមួយរយភាគរយឡើយ ពោលគឺពេលខ្លះជាតិហ្គាសក្នុងសាំងអាចនឹងផុលឡើង រឺអ្នកជិះឡានឡើង ចុះជម្រាលក៏អាចធ្វើឲ្យការគណនានៃប៉ោលសាំងខុសដែរ ទើបវាផ្តល់សញ្ញាខុសដល់យើង។ គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកជិះរថយន្ដរហូតដល់អស់សាំងរលីងពីក្នុងធុង នោះវាអាបង្កគ្រោះថ្នាក់ដល់ម៉ាស៊ីន ម៉ូទ័របូមសាំង និងប៊ិចសាំងផងដែរ។

តាមការចុះផ្សាយនៃបណ្តាញសារព័ត៌មានក្រៅស្រុកមួយ ធ្វើបទសម្ភាសន៍លោក Sparrow ជាជាងជួសជុលរថយន្ដដែលមានបទពិសោធន៍ជាង 40ឆ្នាំបានចូលរួមផ្ដល់មតិផងដែរថា ការសល់សាំងតិចក្នុងធុង រឺសល់ត្រឹម 10% គឺប្រៀបដូចជាចំនួនស្រាក្រហមដែលដែលនៅសល់ក្នុងដបអញ្ចឹង ពោលគឺបាតដបភាគច្រើនគេមិនពិសារឡើយ។ លោកបានបន្ដថា រថយន្ដទំនើបមួយចំនួនគឺទទួលរងផលប៉ះពាល់ជាជាងរថយន្ដស៊េរីចាស់ទៅទៀត។

ជាការល្អបំផុត អ្នកបើកបររថយន្ដទាំងអស់ គួរបើកក្នុងល្បឿនត្រឹម 40-50mph (64-80km/h) បានហើយ ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ និងកុំចាប់ហ្រាំង ហើយបង្កើនល្បឿនភ្លាមៗវិញ។ ចំពោះម៉ាស៊ីនវិញ គឺឲ្យរត់ត្រឹម 2,000-3,000rpm បានហើយ ព្រោះពេលអស់សាំងភ្លាមៗ ម៉ាស៊ីនរថយន្តនឹងត្រូវផ្តាច់ចំហេះភ្លាមៗដែរ ជាហេតុនាំអោយម៉ាស៊ីនឆាប់ខូច ហើយប្រពន្ធ័ប៊ិចសាំង និង ម៉ូទ័របូមសាំង ងាយចុះខ្សោយថែមទៀតផង៕

Fu

ប្រភព៖ dailymail

Share This Post: