តម្រួតថៃឃាត់ខ្លួនយុវជន៤នាក់ ក្រោយបំពានច្បាប់ នាំគ្នាជប់លៀងផឹកស៊ី និងលេងជះទឹកថ្ងៃសង្ក្រាន្ត
យោងតាមការចុះផ្សាយនៅលើសារព័ត៌មានថៃ INNnews បានឲ្យដឹងថា យុវជន៤នាក់នៅខេត្ត Roi Et ត្រូវបានតម្រួតថៃធ្វើការចាប់ខ្លួន ក្រោយពួកគេបាន Live វីដេអូ តាមបណ្តាញសង្គមបង្ហាញពីសកម្មភាពលេងជះទឹកនៅថ្ងៃសង្ក្រាន ដែលខុសបំរាមរបស់រដ្ឋាភិបាលថៃ។ នៅឆ្នាំនេះ ថៃបានផ្អាកថ្ងៃបុណ្យជាតិមួយចំនួនចោល ដើម្បីសុវត្ថិភាព ទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។ សង្ក្រានគឺជាថ្ងៃចូលឆ្នាំថ្មីរបស់ថៃ ដែលមានមនុស្សជាច្រើននាំគ្នាលេងជះទឹក។

ថ្មីៗនេះ មានយុវជន៤នាក់បានបំពានបំរាមប្រកាសអាសន្ន ដោយនាំគ្នាជប់លៀងផឹកស៊ី និងលេងជះទឹកដាក់គ្នា ថែមទាំង Live វីដេអូតាមបណ្តាញសង្គមទៀត។ ក្រុមយុវជនទាំងនោះ នាំគ្នាជួបជុំយ៉ាងសប្បាយរីករាយ ដោយមិនខ្លាចនឹងច្បាប់ និងមិនខ្វល់ពីការប្រកាសអាសន្នអ្វីឡើយ។ ក្រុមស៊ើបអង្កេតបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅស្រុក Les Phume ខេត្ត Roi Et ហើយក្រោយកើតហេតុ ក្រុមយុវជនទាំងនោះមាននាំគ្នារត់គេចខ្លួនបាត់អស់ ប៉ុន្តែក្រោយមកតម្រួតថៃធ្វើការឃាត់ខ្លួនបានទាំងអស់៕

អត្ថបទ៖ សេម
ប្រភព៖ INNnews, thairesidents