ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគ្គិភ័យយ៉ាងធំកំពុងឆាបឆេះ និងរំកិលទៅរករោងចក្រនុយក្លេអ៊ែរ នៅប្រទេសអ៊ុយក្រែន

    BY autoadmin April 14, 2020
    អគ្គិភ័យយ៉ាងធំកំពុងឆាបឆេះ និងរំកិលទៅរករោងចក្រនុយក្លេអ៊ែរ នៅប្រទេសអ៊ុយក្រែន

    សារព័ត៌មាន BBC បានឱ្យដឹងថា ភ្លើងឆេះព្រៃដែលបានឆេះអស់រយៈពេលជាច្រើនថ្ងៃ នៅភាគខាងជើងប្រទេសអ៊ុយក្រែន ពេលនេះនៅមិនឆ្ងាយពីរោងចក្រនុយក្លេអ៊ែរ Chernobyl ដែលត្រូវបានគេបោះបង់ចោល ព្រោះតែមហន្តរាយការបែកធ្លាយជាតិ​វិទ្យុសកម្មក្នុងឆ្នាំ១៩៨៦នោះទេ។ តាមសម្តីប្រតិបត្តិករទេសចរណ៍ Yaroslav Emelianenko បាននិយាយថា វានៅប្រហែលជា ២គីឡូម៉ែត្រ ពីរោងចក្រប៉ុណ្ណោះ។

    អង្គការ Greenpeace បាននិយាយថា អគ្គិភ័យនេះធំជាងទំហំដែលអាជ្ញាធរបានដឹង។ សាខារបស់អង្គការក្រៅរដ្ឋាភិបាលរុស្ស៊ីមួយនេះបានឱ្យដឹងថា អគ្គិភ័យដ៏ធំបំផុតគ្របដណ្តប់លើផ្ទៃដី ៣៤,០០០ ហិកតា ខណៈដែលអគ្គិភ័យទី២ មានចំងាយតែ ១គីឡូម៉ែត្រ ពីអតីតរោងចក្រនុយក្លេអ៊ែរនោះ ជាមួយនឹងទំហំ ១២,០០០ ហិកតា។

    លោក Yaroslav Emelianenko បាននិយាយថា ប្រសិនបើអគ្គិភ័យលេបត្របាក់ទីក្រុង Pripyat ដែលជាទីក្រុងរបស់រោងចក្រ Chernobyl នោះវានឹងក្លាយជាគ្រោះមហន្តរាយខាងសេដ្ឋកិច្ច ព្រោះដំណើរទេសចរណ៍នៅទីនោះបានផ្ដល់ចំណូលដ៏មានតម្លៃ។

    ប៉ូលីសបាននិយាយថា អគ្គិភ័យនេះបានឆាបឆេះតាំងពីថ្ងៃទី០៤ ខែមេសា បន្ទាប់ពីបុរសម្នាក់បានដុតបំផ្លាញស្មៅស្ងួតនៅក្បែរតំបន់គេបោះបង់ចោលនេះ ហើយចាប់តាំងពីពេលនោះមកវាបានខិតទៅជិតរោងចក្រនុយក្លេអ៊ែរ។ អ្នកពន្លត់អគ្គិភ័យជាង ៣០០នាក់ ជាមួយនឹងឧបករណ៍រាប់សិបគ្រឿង ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការយ៉ាងមមាញឹកនៅកន្លែងនោះ ខណៈឧទ្ធម្ភាគចក្រ និងយន្តហោះចំនួន ៦គ្រឿង កំពុងព្យាយាមពន្លត់ភ្លើងពីខាងលើ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: