ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ សម្រេចឈប់ផ្ដល់​ជំនួយឱ្យ WHO ជុំវិញការចោទថា WHO លម្អៀងទៅចិន និងលាក់បាំងភាពធ្ងន់ធ្ងរនៃការឆ្លងវីរុស

    BY autoadmin April 15, 2020
    លោក ដូណាល់ ត្រាំ សម្រេចឈប់ផ្ដល់​ជំនួយឱ្យ WHO ជុំវិញការចោទថា WHO លម្អៀងទៅចិន និងលាក់បាំងភាពធ្ងន់ធ្ងរនៃការឆ្លងវីរុស

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារ ទី១៤ ខែមេសា អំពីការផ្អាកការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក ទៅដល់អង្គការសុខភាពពិភពលោក (WHO) ព្រោះលោកបាននិយាយថា WHO បានបិទបាំងភាពធ្ងន់ធ្ងរនៃការផ្ទុះនៃវីរុស COVID-19 នៅក្នុងប្រទេសចិន មុនពេលវារីករាលដាលពាសពេញពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia នាថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

    លោក ដូណាល់ ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានថា លោកកំពុងណែនាំរដ្ឋបាលរបស់លោកឱ្យបញ្ឈប់ការផ្តល់មូលនិធិ ខណៈពេលដែល «ការពិនិត្យឡើងវិញត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃតួនាទីរបស់អង្គការសុខភាពពិភពលោក សម្រាប់ការគ្រប់គ្រងមិនត្រឹមត្រូវ និងលាក់បាំងការរីករាលដាលនៃវីរុសនេះ»។ សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតដល់អង្គការសុខភាពពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ដោយបានចូលរួមវិភាគទានជាង ៤០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដែលប្រហែលជា ១៥% នៃថវិការបស់ WHO ។

    យោងទៅតាមលោក ដូណាល់ ត្រាំ អង្គការសុខភាពពិភពលោក បានរារាំងតម្លាភាពជុំវិញការផ្ទុះឡើង ហើយឥឡូវនេះសហរដ្ឋអាមេរិកនឹង «ពិភាក្សាអំពីអ្វីដែលត្រូវធ្វើជាមួយលុយទាំងអស់ ដែលឱ្យទៅអង្គការសុខភាពពិភពលោក»។ លោក ត្រាំ និយាយថា៖ «ជាមួយនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19 យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា តើជំនួយសប្បុរសរបស់អាមេរិក ត្រូវបានគេប្រើប្រាស់យ៉ាងល្អបំផុត ឬអត់»៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: