ជើងហោះហើរចូលក្នុងប្រទេសថៃ នឹងត្រូវពន្យារពេលហាមឃាត់រហូតដល់ចុងខែនេះ
តាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍ បានឱ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបន្ដបានហាមប្រាមការហោះហើរចូលស្រុកនៅទូទាំងប្រទេសថៃ និងពន្យារពេលយ៉ាងតិចណាស់ដល់ថ្ងៃទី៣០ ខែមេសានេះ ដើម្បីជួយគ្រប់គ្រងការរីករាលដាលនៃវីរុស COVID-19 ។ នេះជាការពន្យាពេលលើកទី៣ នៃការហាមឃាត់ដែលត្រូវបានដាក់ចេញជាលើកដំបូងកាលពីថ្ងៃទី៣ ខែមេសា។

ការហាមឃាត់នេះគ្រោងត្រូវផុតកំណត់នៅថ្ងៃសៅរ៍នេះ ប៉ុន្តែចាប់ពីថ្ងៃអាទិត្យនេះរហូតដល់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ទើបមានការជម្រាបជាបន្ដ។ ការលើកលែងចំពោះការហាមឃាត់ គឺការហោះហើរធ្វើមាតុភូមិនិវត្តន៍ យន្តហោះរដ្ឋនិងយោធា យន្តហោះធ្វើការចុះចតបន្ទាន់ និងយន្តហោះធ្វើការចុះចតបច្ចេកទេស។
សេចក្តីថ្លែងការណ៍ក៏អនុញ្ញាតចំពោះការហោះហើរដឹកជំនួយមនុស្សធម៌ វេជ្ជសាស្រ្តនិងការផ្តល់ជំនួយសង្គ្រោះ ក៏ដូចជាជើងហោះហើរដឹកទំនិញផងដែរ។ ប្រជាជនដែលធ្វើដំណើរតាមជើងហោះហើរ ដែលត្រូវបានលើកលែងត្រូវស្ថិតក្រោមវិធាននៃការគ្រប់គ្រងជំងឺ ដែលរួមមានការដាក់ឱ្យនៅដាច់រយៈពេល ១៤ថ្ងៃ និងវិធានការណ៍ពាក់ព័ន្ធនានា ដែលបានកំណត់នៅក្នុងក្រឹត្យគ្រាអាសន្ន៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្តិ៍