ពលករថៃម្នាក់សុខចិត្តថ្មើរជើងផង និងហែលទឹកផង ដោយអត់បាយអត់ទឹករយៈពេល ២ថ្ងៃ ព្រោះចង់ត្រឡប់មកស្រុកកំណើតវិញ
ប៉ូលីសក្នុងខេត្តសាធុន បានជួយសង្គ្រោះអ្នកនេសាទថៃម្នាក់ ដែលបានថ្មើរជើងផង និងហែលទឹកផង ពីម៉ាឡេស៊ីមកប្រទេសកំណើតខ្លួន នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ បុរសនោះត្រូវបានគេដឹងថា ជាពលករធ្វើការនៅម៉ាឡេស៉ី និងបានធ្វើដំណើររយៈពេល ២ថ្ងៃជាប់គ្នា មកកាន់ប្រទេសថៃវិញ។ ដោយសារអំឡុងពេលនេះមានការបិទទ្វារប្រទេស ដូច្នេះគាត់មិនអាចធ្វើការហោះហើរ ឬចូលប្រទេសថៃតាមមធ្យោបាយណាឡើយ។

ពលករម្នាក់នោះឈ្មោះថា Rattanapol Panun អាយុ ៤៥ឆ្នាំ មកពីខេត្តសាធុន ដោយសារមិនអាចរង់ចាំរហូតដល់កាលបរិច្ឆេទ បើកការធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ ដូច្នេះគាត់បានសម្រេចចិត្តរកវិធីគ្រប់យ៉ាងដើម្បីអាចចូលស្រុកវិញ។ តាមសម្ដីរបស់ប៉ូលីសគាត់បានថ្មើរជើងចេញពីរដ្ឋ Perlis របស់ម៉ាឡេស៉ី មកកាន់ខេត្តសាធុនប្រទេសថៃ។ លុះធ្វើដំណើរបាន ២ថ្ងៃ គាត់បានមកដល់ Ban Khlong Klam ហើយនៅទីនោះមានទន្លេមួយ ដែលមានទទឹងប្រហែល ១០០ម៉ែត្រ, គាត់ក៏បានហែលទឹកទន្លេនោះដើម្បីឆ្លងពំ្រដែន។
ហែលបានពាក់កណ្ដាលផ្លូវ គាត់កាន់តែមានការពិបាកក្នុងការបន្ដហែលទៅមុខ ប៉ុន្តែសំណាងល្អក៏មានទូកមួយជិះកាត់នោះ។ ទូកនោះក៏បានដឹកគាត់ឡើងគោក ហើយបានប្រាប់ទៅអាជ្ញាធរអំពីហេតុការណ៍ ហើយក្រោយមកទៀតគាត់ក៏ត្រូវបានគេឱ្យហូបចំណីខ្លះ ព្រោះគាត់មិនបានហូបអីទេប៉ុន្មានថ្ងៃនេះ។ ក្រោយមកពួកគេបន្ដជូនគាត់មកមន្ទីរពេទ្យ ដើម្បីដាក់ដោយឡែកពិនិត្យរកមើលវីរុស COVID-19 ។
លោក Rattanapol Panun និយាយថា គាត់រង់ចាំដំណឹងគេបើកទ្វារឱ្យចូលស្រុកវិញរយៈពេល ២០ថ្ងៃមកហើយ ដូច្នេះគាត់មិនអាចចាំយូរបានមានតែធ្វើបែបនេះ។ គាត់បាននិយាយថា មានពលករថៃនៅរដ្ឋ Perlis ជាច្រើនបានជាន់នៅទីនោះ មិនអាចត្រឡប់មកស្រុកកំណើតបាន ដោយសារវីរុស COVID-19 នេះ៕


អត្ថបទ៖ លីដា
ប្រភព៖ Khaosod