ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃចាប់ខ្លួនមនុស្ស ៣នាក់ ដែលលក់ម៉ាស់លើសតម្លៃកំណត់ និងលក់អាកុលគ្មានគុណភាព

    BY autoadmin April 16, 2020
    អាជ្ញាធរថៃចាប់ខ្លួនមនុស្ស ៣នាក់ ដែលលក់ម៉ាស់លើសតម្លៃកំណត់ និងលក់អាកុលគ្មានគុណភាព

    ថៃ៖ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជុំវិញករណីលក់ម៉ាស់លើសតម្លៃកំណត់ និងលក់អាកុលលាងដៃគ្មានគុណភាព។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkokpost បានឲ្យដឹងថា ជនសង្ស័យទាំង ៣រូបនេះរួមមាន ស្រ្តីម្នាក់មានឈ្មោះ Thitiporn Sirichai ត្រូវបានចាប់ខ្លួនពីបទលក់ម៉ាស់លើសតម្លៃ ដែលរដ្ឋាភិបាលបានកំណត់ដោយគាត់បានលក់ម៉ាស់មួយក្នុងតម្លៃ ១២ បាត (០.៣៧ ដុល្លារអាមេរិក ឬ ១ ៥០០ រៀល) ខណៈតម្លៃកំណត់របស់រដ្ឋាភិបាលថៃគឺម៉ាស់មួយតម្លៃត្រឹមតែ ២,៥ បាត (០.០៧៦ ដុល្លារអាមេរិក ឬ ៣០០ រៀល) ប៉ុណ្ណោះ។

    ការឃាត់ខ្លួនស្រ្តីរូបនេះត្រូវបានធ្វើឡើងនៅក្នុងផ្ទះរបស់គាត់ផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ Phasi Charoen ក្រុងបាងកក​ ហើយប៉ូលិសក៏បានរឹបអូសយកម៉ាស់ចំនួន ១១,៧៤៥ នៅក្នុងផ្ទះរបស់គាត់ផងដែរ។ ក្រោយការចាប់ខ្លួន ស្រ្តីរូបនេះបានសារភាពថា គាត់បានទិញម៉ាស់ពីឈ្មួញម្នាក់នៅក្នុងខេត្ត Pathum Thani ក្នុងតម្លៃខ្ពស់ទៅហើយ ទើបគាត់ត្រូវលក់ចេញវិញថ្លៃដូចនេះ។

    តាមរយៈការសារភាពនេះ ប៉ូលិសក៏បានបន្តការស៊ើបអង្កេតទៅកាន់ឈ្មួញម្នាក់នោះទៀត រហូតអាចឃាត់ខ្លួនឈ្មួញរូបនោះបាន ដែលគាត់មានឈ្មោះថា Banpote Kaewwaree ភេទប្រុស ហើយក្នុងការឃាត់ខ្លូនប៉ូលិសបានរឹបអូសម៉ាស់ចំនួន ១៣៨,០០០ នៅក្នុងផ្ទះបុរសជាជនសង្ស័យទី ២ នេះផងដែរ ដែលម៉ាស់ទាំងអស់នោះអាចមានតម្លៃរហូតដល់ ១,៦ លានបាត ( ៤៨,៩៥០ ដុល្លារអាមេរិក)។ ដោយឡែកករណីទី ៣ គឺជាការចាប់ខ្លួនបុរសម្នាក់មានឈ្មោះថា​ Charnchai Wathichanon ដែលបានផ្សព្វផ្សាយ និងចែកចាយអាកុលលាងដៃ ដែលគ្មានគុណភាព និងគ្មានការអនុញ្ញាតត្រឹមត្រូវ នៅក្នុងខេត្ត Samut Prakan ភាគកណ្តាលប្រទេសថៃ។ ក្នុងការចាប់ខ្លួនបុរសរូបនេះប៉ូលិសបានរឹបអូសអាកុលគ្មានគុណភាពចំនួន ៦១៧ លីត្រផងដែរ។ បច្ចុប្បន្នប៉ូលិសកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំង ៣រូបនេះទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Bangkokpost

    Share This Post: