អាជ្ញាធរប្រទេសឡាវឃាត់ខ្លួនយុវជនប្រុសស្រីមួយក្រុមលួចប្រមូលផ្តុំគ្នាផឹកស៊ីនៅតំបន់ជើងភ្នំ ដោយគិតថាអាជ្ញាធររកពួកគេមិនឃើញ
ឡាវ៖ ខណៈដែលមេរោគកូវីដ ១៩ នៅតែបន្តរីករាលដាល ហើយគេមិនទាន់រកឃើញវ៉ាក់ស៊ាំងការពារនោះ វិធានការដ៏ល្អបំផុតដែលគេអាចអនុវត្តបានគឺហាមមិនឲ្យប្រជាពលរដ្ឋជួបជុំផឹកស៊ីជាមួយគ្នាក្នុងចំណោមនុស្សច្រើននាក់ ដើម្បីកាត់បន្ថយអត្រានៃការចម្លងឲ្យនូវទាបបំផុត។ យ៉ាងណាក្តី ក្រុមប្រជាពលរដ្ឋដែលមានទម្លាប់ជួបជុំផឹកស៊ីយ៉ាងសប្បាយនោះ នៅតែរកវិធីលាក់បាំងផ្សេងៗដើម្បីបន្តការជួបជុំរបស់ពួកគេ ដូចជាលួចរៀបចំកម្មវិធីផឹកស៊ីស្ងាត់ៗនៅក្នុងបន្ទប់មិនឲ្យអាជ្ញាធរដឹងឮជាដើម ឬនៅកន្លែងឆ្ងាយៗជាដើម។
ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ កន្លងទៅ អាជ្ញាធរនៅខេត្ត Luang Namtha ភាគខាងជើងប្រទេសឡាវ បានធ្វើការឃាត់ខ្លួនក្រុមយុវជនមានគ្នាប្រមាណជាង២០នាក់ ក្រោយក្រុមយុវជនទាំងនោះបានប្រមូលផ្តុំគ្នាផឹកស៊ីនៅតំបន់ជើងភ្នំ ដោយគិតអាជ្ញាធរនឹងមិនអាចទៅរកពួកគេឃើញឡើយ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុឡាវ Lao Youth Radio។

យ៉ាងណាក្តី អាជ្ញាធរឡាវនៅតែអាចស៊ើបដឹងពីករណីជួបជុំផឹកស៊ីនៅតាមតំបន់ជើងភ្នំនោះ និងឈានទៅដល់ការឃាត់ខ្លួនពួកគេផង។ ក្រោយការឃាត់ខ្លួន អាជ្ញាធរឡាវបានធ្វើការអប់រំ និងពិនិត្យសុខភាពរបស់ពួកគេ និងថែមទាំងបានណែនាំឲ្យក្រុមយុវជនទាំងនោះត្រូវធ្វើការឃុំខ្លួនឯង ១៤ថ្ងៃទៀតផង។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះឡាវមានករណីអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៩ នាក់ និងមិនទាន់មានអ្នកស្លាប់នៅឡើយទេ៕





អត្ថបទ៖ ភក្តី
ប្រភព៖ Lao Youth Radio