ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO ព្រមានថា អាហ្វ្រិកអាចនឹងក្លាយជាចំនុចកណ្ដាលនៃការផ្ទុះឡើងនៃវីរុសកូវីដ១៩

    BY autoadmin April 18, 2020
    WHO ព្រមានថា អាហ្វ្រិកអាចនឹងក្លាយជាចំនុចកណ្ដាលនៃការផ្ទុះឡើងនៃវីរុសកូវីដ១៩

    អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ទ្វីបអាហ្រ្វិកអាចក្លាយជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុស COVID-19 ។ មន្ត្រីអង្គការសហប្រជាជាតិក៏បាននិយាយផងដែរថា ជំងឺរាតត្បាតនេះនឹងសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០០,០០០នាក់ នៅទ្វីបអាហ្វ្រិក និងជំរុញឱ្យមនុស្សជិត ៣០លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រ។ មួយសប្តាហ៍កន្លងមកនេះនៅក្នុងទ្វីបអាហ្រ្វិកមានការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងវីរុសនេះ។ នេះបើតាមការចុះផ្សាយរបស់ BBC នាថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។

    រហូតដល់ពេលនេះមានអ្នកស្លាប់ជិត ១,០០០នាក់ និងការឆ្លងជំងឺជិត ១៩,០០០នាក់ នៅទូទាំងទ្វីបអាហ្រ្វិក ប៉ុន្តែមានអត្រាស្លាប់ទាបជាងផ្នែកខ្លះនៃទ្វីបអឺរ៉ុប និងអាមេរិក។ គណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់ទ្វីបអាហ្វ្រិកដែលបានព្រមានថា មនុស្សរាប់សិបម៉ឺននាក់អាចស្លាប់ បានអំពាវនាវឱ្យមានកញ្ចប់ប្រាក់ ១០០ ពាន់លានដុល្លារ សម្រាប់ទ្វីបនេះ រួមទាំងការបញ្ឈប់ការទូទាត់បំណុលខាងក្រៅសិន។

    អង្គការសុខភាពពិភពលោកនិយាយថា វីរុសនេះហាក់ដូចជាកំពុងរាលដាលឆ្ងាយពីរដ្ឋធានីអាហ្វ្រិក។ ពួកគេក៏បានគូសបញ្ជាក់ផងដែរថា ទ្វីបនេះខ្វះឧបករណ៍ជំនួនការដកដង្ហើម ដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះ។ ជាងមួយភាគបីនៃប្រជាជននៅទ្វីបអាហ្រ្វិកខ្វះខាតការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ហើយជិត ៦០% នៃអ្នករស់នៅទីក្រុង រស់នៅក្នុងតំបន់អនាធិបតេយ្យដែលចង្អៀតណែនណាន់តាន់តាប់ ដែលទាំងអស់ជាលក្ខខណ្ឌដែលវីរុសអាចលូតលាស់បានយ៉ាងឆាប់រហ័ស៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: