យ៉ាងហោចណាស់មនុស្ស ១៦នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារនៅតំបន់ Nova Scotia ប្រទេសកាណាដា
យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៦នាក់បានស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារពាសពេញតំបន់ Nova Scotia ក្នុងប្រទេសកាណាដា។ ការស្លាប់ទាំង ១៦នាក់ មិនរាប់បញ្ចូលទាំងជនសង្ស័យ ដែលត្រូវបានប៉ូលីសរកឃើញថា បានស្លាប់នៅព្រឹកថ្ងៃបន្ទាប់ ក្បែរចំណតរថយន្តកាំមីញ៉ុងមួយកន្លែងក្នុងតំបន់។ ប៉ូលីសក៏មិនអាចបញ្ជាក់បានភ្លាមៗដែរថា តើមានមនុស្សប៉ុន្មាននាក់ដែលបានរងរបួសនៅក្នុងហេតុការណ៍នោះ និងថាតើមូលហេតុអ្វីបានជាជនល្មើសបានបាញ់ប្រហារមិនរើសមុខបែបនេះ។

ខ្មាន់កាំភ្លើងត្រូវបានគេឱ្យដឹងថា មានឈ្មោះ Gabriel Wortman អាយុ៥១ឆ្នាំ។ ជនសង្ស័យបានគេចពីប៉ូលីសជាច្រើនម៉ោងពេញមួយយប់ថ្ងៃអាទិត្យ ខណៈដែលការបាញ់បោះត្រូវបានគេរាយការណ៍នៅទីតាំងជាច្រើនក្នុងតំបន់នោះ។ មិនត្រឹមតែប៉ុណ្ណឹងទេ ជនសង្ស័យក៏បានពាក់ឯកសណ្ឋានរបស់ក្រុមមន្ត្រីការពារជាតិ Royal Canadian Mounted Police ហើយក៏ទំនងជាបានប្រើប្រាស់រថយន្តប៉ូលីសធ្វើសកម្មភាពផងដែរ។ អំឡុងពេលតាមចាប់ជនល្មើសអាជ្ញាធរបានប្រកាស ឱ្យគ្រប់គ្នានៅតំបន់ដែលពាក់ព័ន្ធ ត្រូវនៅក្នុងផ្ទះចាក់សោរ ដើម្បីការពារពីហានិភ័យណាមួយ។
ក្រោយទទួលបានដំណឹង នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បានសរសេរសាររំលែកទុក្ខនៅលើ Twitter ថា៖ «ដួងចិត្តរបស់យើងនៅនឹងអ្នកគ្រប់គ្នាដែលរងផលប៉ះពាល់ដោយការបាញ់ប្រហារ» ដោយបន្ថែមថា «យើងចងចាំអ្នកទាំងអស់គ្នានៅក្នុងចិត្តរបស់យើង»។ លោកនាយករដ្ឋមន្ត្រីបានសរសេរសារសោកស្ដាយចំពោះការបាត់បង់ ខណៈមន្ត្រីដទៃទៀតក៏បានសរសេរសាររំលែកទុក្ខ ទៅដល់គ្រួសារមន្ត្រីដែលបានពលី និងគ្រប់គ្នាដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍អាក្រក់មួយនេះ៕





អត្ថបទ៖ លីដា
ប្រភព៖ CNN