អង់គ្លេសនឹងធ្វើគ្រប់យ៉ាងឱ្យតែឆាប់បានវ៉ាក់សាំងកូវីដ១៩ ខណៈសាកលវិទ្យាល័យ Oxford នឹងចាប់ផ្ដើមការសាកល្បងចាក់វ៉ាក់សាំងតេស្តលើមនុស្ស នៅថ្ងៃព្រហស្បតិ៍នេះ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា រដ្ឋាភិបាលកំពុងធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ ក្នុងការបង្កើតវ៉ាក់សាំងការពារវីរុស COVID-19 ។ គាត់បាននិយាយនៅក្នុងការប្រកាសប្រចាំថ្ងៃនៅ Downing Street ថាការសាកល្បងលើមនុស្សចំពោះវ៉ាក់សាំងការពារវីរុស COVID-19 ដែលបង្កើតដោយសាកលវិទ្យាល័យ Oxford នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចុះផ្សាយរបស់ BBC នាថ្ងៃពុធ ទី២២ ឆ្នាំ២០២០។

លោក Matt Hancock ក៏បានលើកឡើងពីកង្វះខាតឧបករណ៍ការពារសម្រាប់បុគ្គលិកពេទ្យ NHS ដោយនិយាយថា រដ្ឋាភិបាលកំពុងនិយាយជាមួយអ្នកផ្គត់ផ្គង់រាប់ពាន់នាក់ ប៉ុន្តែមិនមែនទាំងអស់អាចផ្គត់ផ្គង់បានទេ។ ខណៈពេលនេះនៅចក្រភពអង់គ្លេសមានការកត់ត្រាចំនួនស្លាប់ក្នុង១ថ្ងៃថ្មី ដោយមានអ្នកស្លាប់ ៨២៣នាក់ ដែលនាំឱ្យករណីស្លាប់សរុបមានដល់ ១៧,៣៣៧នាក់។ លោក Matt Hancock បានប្រាប់សន្និសីទកាសែតថា៖«មធ្យោបាយដ៏ល្អបំផុតដើម្បីកម្ចាត់វីរុសឆ្លង” គឺតាមរយៈវ៉ាក់សាំង។
លោកបានមានប្រសាសន៍ថា ដំណើរការនេះគឺជា «ការសាកល្បង និងអាចមានកំហុស» ប៉ុន្តែចក្រភពអង់គ្លេស គឺស្ថិតនៅ «ជួរមុខនៃកិច្ចខិតខំប្រឹងប្រែងជាសកល» ហើយបានវិនិយោគប្រាក់ច្រើនជាងប្រទេសដទៃទៀត។ ការអភិវឌ្ឍវ៉ាក់សាំងឈានមុខគេចំនួនពីរ នៅសាកលវិទ្យាល័យ Imperial College London និងសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស នឹងទទួលបានទឹកប្រាក់សរុបចំនួន ៤២.៥ លានផោន ដើម្បីគាំទ្រដល់ការសាកល្បងនេះ។
លោកនិយាយថា គម្រោងទាំង២ កំពុងមានការជឿនលឿនយ៉ាងឆាប់រហ័ស ហើយលោកបានប្រាប់អ្នកវិទ្យាសាស្ត្រដែលដឹកនាំការសិក្សានេះថា យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាច ដើម្បីគាំទ្រការសាកល្បងនេះ។ លោកបានបន្ថែមទៀតថា៖«ការដែលក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ក្នុងការបង្កើតវ៉ាក់សាំងដែលទទួលបានជោគជ័យ គឺជាកិច្ចធំធេងណាស់ដែលខ្ញុំកំពុងព្យាយាមធ្វើគ្រប់យ៉ាងទាំងអស់»៕



អត្ថបទ៖ លីដា
ប្រភព៖ BBC