ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាយុថ្លៃមែន! ដុំស៊ីលីកូនពង្រីកដើមទ្រូងបានជួយសង្គ្រោះជីវិតស្រ្តីម្នាក់ពីគ្រាប់កាំភ្លើង

    BY autoadmin April 22, 2020
    អាយុថ្លៃមែន! ដុំស៊ីលីកូនពង្រីកដើមទ្រូងបានជួយសង្គ្រោះជីវិតស្រ្តីម្នាក់ពីគ្រាប់កាំភ្លើង

    យោងតាមសារព័ត៌មាន CNN បានចុះផ្សាយនូវអត្ថបទដ៏កម្រមួយដោយមានចំណងជើងថា “ដុំស៊ីលីកូននៅក្នុងដើមទ្រូងបានជួយសង្គ្រោះជីវិតស្រ្តីម្នាក់ពីគ្រាប់កាំភ្លើង”។ ប្រភពខាងលើបានបន្តរៀបរាប់ថា កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ មានករណីបាញ់ប្រហារមួយបានកើតឡើងនៅក្នុងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ហើយហេតុការណ៍នោះបានបង្កឲ្យស្រ្តីម្នាក់ត្រូវរងរបួសយ៉ាងធ្ងន់ដោយមានគ្រាប់កាំភ្លើងមួយគ្រាប់បាញ់ចំដើមទ្រូងខាងធ្វេងរបស់គាត់។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យគេអាចជួយសង្គ្រោះជីវិតស្ត្រីជនរងគ្រោះបានទាន់ពេលវេលា តែករណីព្យាបាលនេះត្រូវបានគេយកទៅសិក្សាក្នុងលក្ខខណ្ឌពិសេសមួយបន្តទៀត ព្រោះវេជ្ជបណ្ឌិតសង្ស័យថា ដុំស៊ីលីកូននៅក្នុងដើមទ្រូងស្រ្តីរងគ្រោះបានជួយសង្គ្រោះជីវិតរបស់គាត់។ វេជ្ជបណ្ឌិតបានពន្យល់ថា ទ្រូងខាងធ្វេងមានសេរីរាង្គសំខាន់ៗ ២ គឺ បេះដូងនិងសួត ហើយជាធម្មតាអ្នកត្រូវរបួសធ្ងន់ធ្ងរ ឬត្រូវគ្រាប់កាំភ្លើងលើទ្រូងខាងឆ្វេងគឺប្រឈមនឹងការស្លាប់បាត់បង់ជីវិតខ្ពស់ណាស់។

    យ៉ាងណាក្តីវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចំពោះករណីស្រ្តីរងគ្រោះខាងលើនេះគឺដុំស៊ីលីកូនដែលមាននៅក្នុងដើមទ្រូងរបស់គាត់ហាក់បានជួយទប់គ្រាប់កាំភ្លើងមិនឲ្យធ្លុះចូលទៅប៉ះពាល់ដល់បេះដូង និងសួតរបស់គាត់ឡើយ ដែលនិន្នាការនេះអាចកើតឡើង ព្រោះតែកំលាំងគ្រាប់កាំភ្លើងហាក់បានចុះខ្សោយពេលហោះទៅដល់ទ្រូងជនរងគ្រោះ និងម្យ៉ាងទៀតគឺដុំស៊ីលីកូននៅក្នុងដើមទ្រូងជនរងគ្រោះជាប្រភេទស៊ីលីកូនមានតម្លៃថ្លៃផ្សំឡើងពីជែលស្វិតជាប់ល្អផងដែរ។

    បន្ទាប់ពីយកករណីកម្រនេះទៅសិក្សាយ៉ាងល្អិតល្អន់ ទីបំផុតទៅក្រុមវេជ្ជបណ្ឌិតជំនាញបានរកឃើញលទ្ធផលចុងក្រោយមួយដោយបានទទួលស្គាល់ថា ដុំស៊ីលីកូនពិតជាបានជួយសង្គ្រោះជីវិតស្រ្តីរងគ្រោះខាងលើនេះពិតប្រាកដមែន។ សូមបញ្ជាក់ថា ដុំស៊ីលីកូនមានច្រើនទំហំ ច្រើនម៉ាក់ ច្រើនប្រភេទណាស់ សម្រាប់គេប្រើប្រាស់វះកាត់ដាក់ក្នុងដើមទ្រូងមនុស្សស្រីឲ្យមើលទៅឃើញធំនិងមូលស្អាតជាដើម ហើយកន្លងមកក៏មានករណីដុំស៊ីលីកូនខ្លះបានផ្ទុះ ឬបង្កទៅជាជំងឺផ្សេងៗចំពោះស្រ្តីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post: