អាហ្វ្រិកខាងត្បូងដាក់ពង្រាយកងទ័ព ៧០,០០០នាក់ ដើម្បីជួយអនុវត្តការបិទទ្វារប្រទេស
អាហ្រ្វិកខាងត្បូងនឹងដាក់ពង្រាយកងទ័ពចំនួនជាង ៧០,០០០នាក់ បន្ថែមទៀត នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីពង្រឹងការរឹតបន្តឹងការបិទទ្វារប្រទេស ដែលរដ្ឋាភិបាលតម្រូវឱ្យអនុវត្តគ្រប់គ្នា ដើម្បីបន្ថយការរីករាលដាលនៃវីរុសឆ្លង COVID-19 នៅក្នុងប្រទេស។ គួរឱ្យដឹងដែរថា អាហ្រ្វិកខាងត្បូងពេលនេះមានអ្នកឆ្លង COVID-19 រហូតដល់ទៅ ៣,៤៦៥នាក់ និងស្លាប់ ៥៨នាក់ ដែលដេញពីក្រោយអេហ្ស៊ីប ជាប្រទេសមានការឆ្លងច្រើនបំផុតនៅទ្វីបអាហ្វ្រិក។

ប្រធានាធិបតី Cyril Ramaphosa បានប្រកាសពីការដាក់ពង្រាយកាលពីថ្ងៃពុធ បន្ទាប់ពីការតស៊ូជាច្រើនសប្តាហ៍ដើម្បីអនុវត្តការរឹតត្បឹត ដែលអនុញ្ញាតឱ្យតែអ្នកផ្តល់សេវាកម្មសំខាន់ៗបន្តការងារប៉ុណ្ណោះ ហើយត្រូវមានការអនុញ្ញាតពីរដ្ឋាភិបាលទើបអាចចេញពីផ្ទះ។ អ្នកដែលល្មើសនឹងច្បាប់នេះអាចប្រឈមនឹងការពិន័យជាប្រាក់ និងជាប់ពន្ធនាគា។ ការរឹតត្បិតមានដូចជា៖ ហាមប្រជាជនពីការរត់លេងនិងដើរចេញក្រៅ ការលក់គ្រឿងស្រវឹងនិងថ្នាំជក់ និងការចាកចេញពីផ្ទះដោយហេតុផលមិនចាំបាច់។
ការដាក់ពង្រាយកងទ័ពលើកទី១ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដោយមានតែកងទ័ពចំនួន ២,២៨០នាក់ ត្រូវបានដាក់ពង្រាយតាំងពី ២៧ថ្ងៃមុន ពោលគឺពេលប្រទេសបិទទ្វារដំបូង។ ប៉ុន្តែការដាក់ពង្រាយចុងក្រោយនេះធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលនេះជាការពង្រាយកម្លាំងនៅក្នុងស្រុកច្រើនបំផុត ចាប់តាំងពីការចាប់ផ្តើមនៃលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ១៩៩៤៕



អត្ថបទ៖ លីដា
ប្រភព៖ BBC