វៀតណាមបន្ថយវិធានការរឹតបន្តឹងប្រទេស ដោយលើកឡើងថា ខ្លួនអាចគ្រប់គ្រងស្ថានភាពបាន ព្រោះករណីឆ្លងភាគច្រើនជាករណីនាំចូល
វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានប្រកាសកាលពីថ្ងៃម្សិលមិញថា វៀតណាមនឹងបន្ធូរបន្ថយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ដែលមានលក្ខណៈតឹងរឹងមួយចំនួនឲ្យធូស្រាលជាងមុនបន្ថិច បើទោះជាបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅបន្តបិទប្រទេសក៏ដោយ។ ការសម្រេចដូចខាងលើនេះត្រូវបានលោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan ពន្យល់ថា គិតមកទល់នឹងពេលនេះគ្មានខេត្តណាមួយក្នុងប្រទេសវៀតណាមទទួលរងនូវការរាតត្បាតមេរោគកូវីដ ១៩ ក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយទេ ពិតណាស់វៀតណាមមានអ្នកដែលឆ្លងមេរោគជាង ២០០ នាក់ តែក្នុងចំណោមករណីទាំងអស់នោះភាគច្រើនគឺជាករណីនាំចូលពីក្រៅប្រទេស ហើយជនរងគ្រោះបានរស់នៅក្នុងតំបន់ផ្សេងៗឆ្ងាយពីគ្នា ហើយស្របពេលដែលគេអាចគ្រប់គ្រងស្ថានភាពទូទៅក្នុងប្រទេសបានទៀតនោះ លទ្ធភាពនៃការចម្លងមេរោគក្នុងចំណោមប្រជាពលរដ្ឋនៅតាមសហគមន៍ គឺមានកម្រិតទាបណាស់។

យ៉ាងណាក្តី វៀតណាមនៅបន្តអនុវត្តវិធានការមួយចំនួន ដូចជាបិទច្រកព្រំដែនជាមួយប្រទេសចិន និងប្រទេសជិតខាងមួយចំនួនទៀត បិទការហោះហើរអន្តជាតិមួយចំនួន បិទអាជីវកម្មមិនសូវចាំបាច់ក្នុងស្រុកមួយចំនួន និងតម្រូវឲ្យពលរដ្ឋត្រូវអនុវត្តវិធានការអនាម័យយ៉ាងខ្ជាប់ខ្ជួនជាដើម។ បើទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលវៀតណាមបានអះអាងថា វៀតណាមនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបញ្ចៀសការដាក់ប្រទេសខ្លួនក្នុងគ្រាមានអាសន្ន ឬការបិទប្រទេសទាំងមូល។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះវៀតណាមមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៦៨ ករណី គ្មានអ្នកស្លាប់ និងមានអ្នកជាសះស្បើយចំនួន ២២៣ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost