សត្វខ្លា ៤ក្បាល និងតោ ៣ក្បាលបន្ថែមទៀតត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងវីរុសកូវីដ ១៩
អាមេរិក៖ សត្វខ្លាចំនួន ៤ ក្បាល និងតោចំនួន ៣ ក្បាលនៅក្នុងសួនសត្វ Bronx Zoo ក្នុងក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងវីរុសកូវីដ ១៩ ដែលធ្វើឲ្យតួលេខសត្វព្រៃបានឆ្លងមេរោគកូវីដ ១៩ សរុបនៅក្នុងសួនសត្វខាងលើនេះកើនដល់ ៨ ក្បាលហើយបើគិតមកទល់ពេលនេះ។ គេនៅចាំបានថា កាលពីថ្ងៃទី ៥ ខែ មេសា កន្លងទៅនេះ មានសត្វខ្លាមួយក្បាលមានឈ្មោះថា Nadia អាយុ ៤ ឆ្នាំ ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងវីរុសកូវីដ ១៩ ហើយគេបានសន្និដ្ឋានថា Nadia ទំនងជាភ្នាក់ងារចម្លងវីរុសបន្តទៅកាន់សត្វខ្លានិងតោទាំង៧ក្បាលខាងលើនេះ។

បើតាមប្រធានគ្រប់គ្រងសួនសត្វ Bronx Zoo បានឲ្យដឹងថា គ្រប់សត្វខ្លានិងតោដែលបានឆ្លងវីរុសខាងលើនេះសុទ្ធតែមានសុខភាពល្អ ស៊ីចំណីធម្មតា និងធ្វើសកម្មភាពជាធម្មតាផងដែរ ក៏ប៉ុន្តែពេលគេធ្វើតេស្តស្រាប់តែបង្ហាញលទ្ធផលគួរឲ្យភ្ញាក់ផ្អើលទៅវិញ ដោយពួកវាសុទ្ធតែបានឆ្លងវីរុសកូវីដ ១៩។ រហូតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលក្រុងញូវយ៉កកំពុងបន្តតាមដានដើម្បីស្វែងរកប្រភពចម្លងវីរុសដំបូងគេបង្អស់ ដែលបាននាំវីរុសចូលទៅក្នុងសួនសត្វ ខណៈសត្វនិងបុគ្គលិកក្នុងសួនសត្វមួយចំនួនត្រូវដាក់ឲ្យនៅដោយឡែក និងធ្វើតេស្តរកវីរុសកូវីដ ១៩ ផងដែរ។ ការធ្វើតេស្តវិជ្ជមានវីរុសកូវីដ ១៩ ចំពោះសត្វដែលមានសុខភាពល្អនេះក៏បានបង្កើតជាក្តីកង្វល់ថ្មីមួយសម្រាប់អាជ្ញាធរសុខាពិបាលផងដែរ ព្រោះសត្វដែលមានផ្ទុកវីរុសទៅហើយនៅតែមានសុខភាពល្អធម្មតា និងមិនចេញរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ទាល់តែសោះ ខណៈសត្វទាំងអស់នោះអាចចម្លងវីរុសទៅមនុស្សនិងអាចធ្វើឲ្យមនុស្សមានគ្រោះថ្នាក់ដល់ជីវិតបាន៕


អត្ថបទ៖ ភក្តី
ប្រភព៖ dailymail